ឥណ្ឌូនេស៊ីទិញយន្តហោះដ្រូន ១២គ្រឿងពីតួកគី ក្នុងតម្លៃ ៣០០លានដុល្លារ
ហ្សាការតា៖ ប្រទេសឥណ្ឌនេស៊ីបានប្រកាសឱ្យដឹងពីការបញ្ជាទិញយន្តហោះគ្មានមនុស្សបើកថ្មី ដែលហៅកាត់ថា ដ្រូន ពីប្រទេសតួកគី រហូតដល់ ១២គ្រឿង។
ក្រសួងការពារជាតិឥណ្ឌូនេស៊ីបានប្រកាសថា កិច្ចព្រមព្រៀងទិញលក់យន្តហោះគ្មានមនុស្សបើកថ្មីចំនួន ១២គ្រឿងពីក្រុមហ៊ុនអវកាសតួគី (Turkish Aerospace) ក្នុងតម្លៃ ៣០០លានដុល្លារ ដែលនេះជាការបញ្ជាទិញចុងក្រោយបង្អស់ ក្នុងគោលបំណងធ្វើទំនើបកម្មយោធូបករណ៍ ដែលមានវ័យចំណាស់របស់ប្រទេសខ្លួន។
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអវកាសតួគី ដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ានេះ ត្រូវបានបញ្ចប់កាលពីខែកុម្ភៈកន្លងទៅ ហើយយន្តហោះដ្រូន ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនទៅអោយប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេល ៣២ខែ បន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការ។
កិច្ចព្រមព្រៀងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីខែកក្កដាកន្លងមក បានប្រាប់គណៈរដ្ឋមន្ត្រីរបស់គាត់ រក្សាថវិកាជាតិឱ្យបានគ្រប់គ្រាន់ ខណៈដែលរូបលោកបានគូសបញ្ជាក់ពីការចំណាយដ៏ច្រើនទៅលើទីភ្នាក់ងារសន្តិសុខរបស់ប្រទេស រួមទាំងក្រសួងការពារជាតិ។
សូមរម្លឹកថា ប្រទេសឥណ្ឌូនេស៊ី កាលពីខែកុម្ភៈដើមឆ្នាំនេះ ក៏បានទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿង ក្នុងតម្លៃ ៨.១ពាន់លានដុល្លារផងដែរ ដែលនឹងត្រូវចំណាយជាដំណាក់កាលៗក្នុងរយៈពេលជាច្រើនឆ្នាំ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា
