ផ្លូវក្រវាត់ក្រុងទី៣ នៅរាជធានីភ្នំពេញ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ សីហា
(ភ្នំពេញ)៖ ផ្លូវក្រវាត់ក្រុងថ្មីមួយទៀត មានប្រវែងជាង ៥០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ផ្លូវជាតិលេខ៤ បានសាងសង់រួចរាល់ជាស្ថាពរ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ ២០២៣ ក្រោមវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
អាជ្ញាធរខេត្តកណ្ដាល ប្រកាសបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០-១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង៣រំលងអាធ្រាត្រ រហូតដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានលើកឡើងថា ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវដ៏សំខាន់ ក្នុងការកាត់បន្ថែយការស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ ជាពិសេសអ្នកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដោយមិនចាំបាច់ឆ្លងកាត់ក្រុងភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ។ មិនតែប៉ុណ្ណោះ ការសាងសង់ក្រវាត់ក្រុងនេះ ក៏បានផ្ដល់ឱកាសដល់អ្នកវិនិយោគថ្មីៗ មកធ្វើការអភិវឌ្ឍក្នុងគម្រោងផ្លូវនេះ ដូចជា៖ ការសាងសង់បុរីជាដើម ។
បើតាមអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើននៅក្បែរៗគម្រោងផ្លូវទី៣ បានយកចំណុចនេះ ធ្វើជាការឃោសនា ដើម្បីលក់គម្រោងរបស់ខ្លួនទៅកាន់អតិថិជន ជាក់ស្ដែង នៅក្បែរៗផ្លូវក្រវាត់ក្រុងទី៣នេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើនចាប់ផ្ដើមលេចរូបរាងឡើងបន្តបន្ទាប់គ្នា ។
លោកឧកញ៉ា ចេង ខេង ប្រធានប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា ការពង្រីកផ្លូវក្រវាត់ក្រុងកាន់តែច្រើននេះ មិនត្រឹមតែអាចបញ្ចៀសការកកស្ទះចរាចរណ៍កណ្តាលក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសន្ទុះនៃចរន្តកំណើនសេដ្ឋកិច្ច តាមរយៈភាពងាយស្រួលក្នុងការដឹកជញ្ជូន និងការបង្កើនសក្តានុពលវិនិយោគនៅតាមតំបន់ជាយក្រុងផងដែរ។ ជាក់ស្តែង លោកថា វាក៏នឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យ កាន់តែមានសកម្មភាពអភិវឌ្ឍន៍កើនឡើង ទាំងសំណង់លំនៅឋានឃ្លាំង អគារពាណិជ្ជកម្ម និងតម្លៃក៏ល្អដូចគ្នាដែរ ។

បើតាមឯកសាររបស់អាជ្ញាធររាជធានីភ្នំពេញ បានបង្ហាញថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានផ្លូវក្រវាត់ក្រុងចំនួន ៣ខ្សែហើយ ក្នុងនោះផ្លូវក្រវ៉ាត់ក្រុងទី១ បានសាងសង់ឡើងតាំងពីសម័យសង្គមរាស្រ្តនិយម នៅក្នុងទីតាំងខណ្ឌចំនួន៤ មានខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក ។ ផ្លូវនេះ តភ្ជាប់ពីគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ភ្ជាប់ផ្លូវសុផារ៉ា និងផ្លូវ ៥៩៨ ត្រលោកបែក ទៅផ្លូវ ២៧១ រហូតដល់គល់ស្ពានច្បារអំពៅ តភ្ជាប់ជាមួយផ្លូវជាតិលេខ១។
ដោយឡែកផ្លូវក្រវ៉ាត់ក្រុងទី២ បានសាងសង់កាលពីឆ្នាំ២០១៦ ដោយមាន២កំណាត់ ប្រវែងសរុបជាង ២៧គីឡូម៉ែត្រ។ កំណាត់ទី១ មានប្រវែង ១០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណជាង ១០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋវៀតណាម តភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ (ឬផ្លូវ១២០K) ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្សី ។ កំណាត់ទី២ ប្រវែង ១៧គីឡូម៉ែត្រ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី (ត្រង់ស្តុបផ្សារដីហុយ) ទៅផ្លូវលេខ ១០១៩ កាត់តាមផ្លូវណ័រប្រ៊ីត ផ្លូវទ្រុងមាន់ ផ្លូវមុខរោងចក្រអគ្គិសនី ផ្លូវមុខសហគមន៍អន្លង់គង ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង ភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។
កំណាត់ផ្លូវនេះចំណាយថវិកាសាងសង់ជិត ៦២លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៩។
ចំណែកផ្លូវក្រវ៉ាត់ក្រុងទី៣ ជាខ្សែផ្លូវថ្មីដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅ នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ភ្ជាប់មកកំពង់ផែភ្នំពេញថ្មី មានទំហំទទឹងផ្លូវរហូតដល់ទៅ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ សាងសង់ឡើងក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិនប្រមាណ ២៧៣លានដុល្លារអាមេរិក។
ក្រៅពីផ្លូវក្រវាត់ក្រុងទាំង ៣ខ្សែ រាជរដ្ឋាភិបាលបានដាក់ផែនការក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ ដែលបានសិក្សាចប់រួចរាល់។ ផ្លូវក្រវាត់ក្រុងទី ៤ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពី ចំនួន ៣ស្រុក, ខេត្តតាកែវចំនួន ១ស្រុក, ខេត្តកណ្តាល ៨ស្រុក និងខេត្តព្រៃវែង ២ស្រុក។ គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម ប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកម្រិតទៀត ៕






ដោយ វណ្ណលុក