គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជាចំនួន ១៨រូប ចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធ ពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ
(នីភ្នំពេញ)៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា ចំនួន ១៨រូប ដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា ដើម្បីចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ។

តាមកម្មវិធីគ្រោងទុក គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមកាយរឹទិ្ធកូរ៉េ អគ្គលេខាធិការអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នាយកការិយាល័យកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមពិធីបើកផ្លូវការនៃការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ និងធើ្វទស្សនកិច្ចដកស្រង់បទពិសោធន៍នៃការរៀបចំបោះជំរំកាយរឹទិ្ធពិភពលោក។

នេះជាលើកទី៦ ហើយដែលកម្ពុជា បានចូលរួមការក្នុងការបោះជំរំកាយរឹទ្ធិពិភពលោក ហើយសម្រាប់ការបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នាសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ កាយរឹទ្ធិជាតិកម្ពុជា បានជ្រើសរើស និងចាត់បញ្ជូនយុវជនកាយរឹទ្ធិចំនួន ៤៧រូបដើម្បីចូលរួម ស្នាក់នៅ និងអនុវត្តសកម្មភាពពេលលេញសម្រាប់ការបោះជំរំ ជាមួយនឹងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់កាយរឹទ្ធិជាតិកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសកម្រឹតថ្នាក់ដឹកនាំ ចូលរួមក្នុងពិធីបើក សម្របសម្រួល ពិនិត្យ និងវាយតម្លៃលើការចូលរួម និងការរៀបចំកម្មវិធី៕


ដោយ-រ៉ាវុធ