សម្ដេច ស ខេង៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាំបាច់ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងជាប់ព្រំដែន…
(ខេត្តបាត់ដំបង)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (កែ ស៊ីនួន)ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹក ថ្ងៃទី០២ ខែសីហាឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា៖ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំង ទៅនឹងគ្រឿងញៀន ដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាប និងរឹបអូសនូវសារធាតុញៀនបានយ៉ាងច្រើន និងរាប់រយតោន ។

សម្ដេចក្រឡាហោម បានថ្លែងទៀតថា៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមិនអាចប្រទេសណាមួយ ធ្វើតែឯងបានឡើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងម៉ឹងម៉ាត់ ជាមួយនិងបណ្ដាប្រទេសជាប់ព្រំដែន។

សម្ដេចថ្លែងបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជាប់ព្រំដែនគ្នានេះ គឺពិតជាមានសារៈសំខាន់ និងជាគន្លឹះ ហើយក៏ជាគោលការណ៍អន្ដរជាតិ ដែលអង្គការសហប្រជាជាតិបានដាក់ចេញ ព្រោះកម្ពុជាគឺជាសមាជិកនៃអង្គការសហប្រជាជាតិ។ខណៈអង្គការនេះមានយុទ្ធនាការមួយ ដើម្បីដឹកនាំចាត់ចែង និងសម្របសម្រួល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងផងដែរថា៖សម្រាប់ខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០១ខែសីហាឆ្នាំ២០២៣ការបង្រ្កាបគ្រឿងញៀនសម្រេចបាន ២៣៦ករណី ឃាត់ខ្លួន ៣៥៧នាក់ និងរឹបអូសសារធាតុញៀនបានជាង ៣៦គីឡូក្រាម និងវត្ថុតាង ជាច្រើនផ្សេងទៀត ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បញ្ជាក់បន្ថែមថាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានអនុវត្តយ៉ាងម៉ឺងមាត់តាមលក្ខណៈសម្បត្តិរបស់ភូមិ ឃុំសង្កាត់មានសុវត្ថិភាព គឺ៖សហគមន៍គ្មានគ្រឿងញៀន។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងឱ្យដឹងទៀតថា មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ក្នុងស្រុករតនមណ្ឌលនេះ គឺ៖ បានសាងសង់ឡើង លើផ្ទៃដីទំហំ ១៥ហិកតា មានអគារស្នាក់នៅរួម ចំនួន២ខ្នង, អគារ មានបន្ទប់ដាច់ដោយឡែក ចំនួន២៣បន្ទប់ អាចទទួលអតិថិជនអ្នកញៀនគ្រឿងញៀន សម្រាកព្យាបាលស្នាក់នៅបានចំនួន ៤០០នាក់ ទៅ៥០០នាក់។ព្រមទាំងមានការបណ្តុះបណ្តាលមុខជំនាញនិងវិជ្ជាជីវៈដល់យុវជនដែលមកទទួលការបន្សាប និងព្យាបាលនៅទីនេះទៀតផង។

សម្តេចក្រឡាហោម ស ខេង បានថ្លែងក្រើនរំលឹកដល់ក្មួយៗយុវជនដែលទទួលបានការព្យាបាលបន្សាបគ្រឿងញៀននិងទទួលបាននូវការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈនៅទីនេះ ពេលវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារខ្លួនវិញត្រូវប្តេជ្ញាលះបង់ឲ្យបានដាច់ខាតនូវទង្វើខុសឆ្គងកន្លងមកនេះ ដោយត្រូវផ្តោតយកជំនាញដែលទទួលបានការបណ្តុះបណ្តាលទៅប្រកបមុខរបរដើម្បីជួយសម្រួលដល់ជីវភាពក្នុងគ្រួសាររបស់ខ្លួនឲ្យប្រសើរឡើង និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាដាច់ខាត៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )