សម្តេចតេជោ ហ៊ុន សែន ៖ ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។ សម្រាប់ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។ ការថ្លែងបបែបនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី មានសេនារីយោចំនួនពីរ ។
សេនារីយោទី១៖ ពួកក្រុមចាស់បន្តដឹកនាំរដ្ឋាភិបាល ១ឆ្នាំ ឬ២ឆ្នាំ រួចហើយបានចាកចេញ និងបន្ទាប់ទៅប្រគល់ទៅឱ្យអ្នកជំនាន់ក្រោយ ។ សេនារីយោទី២ គឺចាប់ផ្តើមពីដើមអាណត្តិ យោងទៅលើលក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ក៏ដូចជា សភាពការណ៍អំណោយផល ហើយគណៈអចិន្ត្រៃយ៍បានសម្រេចជ្រើសរើសយកសេនារីយោទី២ គឺឱ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់ឱ្យមានអន្តរកាលមួយឱ្យអ្នកចាស់ទេ ។

សម្តេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីផ្តល់អំណាចពេញលេញទៅឱ្យអ្នកបន្តវេន មានលទ្ធភាពធ្វើកិច្ចការរបស់ពួកគេពេញមួយអាណត្តិតែម្តង។ សម្តេចតេជោ អះអាងថា ការធ្វើបែបនេះជាការធានាដ៏ធំបំផុតដែលនឹងគ្មានវិបត្តិណាមួយកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើត មានគ្រោះថ្នាក់ ឬរហូតដល់ស្លាប់ គឺវានឹងគ្មានអ្វីកើតនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា ជំនាន់ក្រោយបានចូលមកដឹកនាំ ក្នុងពេលដែលពួកគេ បានរៀបចំខ្លួនយ៉ាងល្អ ។ ពួកគេមកទទួលអំរែកពីពួកយើងដែលជាមនុស្សចាស់សម្រាប់ដំណើរការរយៈពេលវែងរបស់ពួកគេ ហើយពួកគេមិនមែនជាក្មេងទៀតទេ បើប្រៀបធៀបជាមួយខ្ញុំ ខ្ញុំចូលកាន់អំណាច។ នៅពេលដែលខ្ញុំចូលធ្វើជានាយករដ្ឋមន្ត្រី គឺខ្ញុំមានអាយុត្រឹមតែ៣២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអីឡូវនេះនាយករដ្ឋមន្ត្រីថ្មី មានអាយុ៤៦ឆ្នាំ ។
សម្តេច បានបញ្ជាក់ទៀតថា សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដឹកនាំក្រសួង ស្ថាប័ន ដែលជាក្រុមវ័យក្មេង គឺទទួលបានការបណ្តុះបណ្តាលជាច្រើនមកហើយ ដូចជា៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្មេងៗមួយចំនួនទៀត បានអមធ្វើជារដ្ឋលេខាធិការរួចទៅហើយ ដែលសបញ្ជាក់ថា យុវជនបន្តវេនទាំងនេះ គឺមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ក្លាយជាអ្នកបន្តវេនដឹកនាំរាជរដ្ឋាភិបាលថ្មី ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ