សម្ដេចតេជោ ហ៊ុន សែន៖ ការប្ដូរគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧នេះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងៗនោះទេ

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការប្ដូរគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺប្ដូរតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងៗ ដែលមានតួនាទីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬមន្រ្ដីថ្នាក់ក្រោមផ្សេងទៀតនោះទេ ។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់គណៈរដ្ឋមន្រ្ដីថ្មី ត្រូវមើលថែមន្រ្ដីចាស់ៗ ដែលកំពុងបម្រើការនៅក្នុងក្រសួង ស្ថាប័ន ក្រោយការតែងតាំងគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧នេះ ខណៈមន្រ្ដីនយោបាយនានា គឺនៅបន្តមុខតំណែងដដែលមិនត្រូវបានផ្លាស់ប្ដូរឡើយ។

បើតាមការបញ្ជាក់របស់សម្ដេចតេជោ សមាសភាពគណៈរដ្ឋមន្រ្ដីថ្មី បានរៀបចំឡើងតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ដែលការរៀបចំនេះ ជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា ឱ្យមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍទៅមុខជានិច្ច ។

សម្ដេច បានលើកឡើងដែរថា ក្រោយសម្ដេចឈប់កាន់តំណែងជានាយករដ្ឋមន្រ្ដី សម្ដេចនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ អំណាចរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មីនោះទេ ប៉ុន្ដែបើគណៈរដ្ឋមន្រ្ដីណាម្នាក់ប្រព្រឹត្តិកំហុស នឹងត្រូវកោះហៅមកដោះស្រាយនៅវិមាន៧មករា ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា ។

សម្ដេចតេជោ បានប្រកាសទៀតថា ទោះបីសម្ដេចលាលែងតំណែងនាយករដ្ឋមន្រ្ដីនៅពេលនេះក្ដី ប៉ុន្ដែសម្ដេចនៅតែគ្រប់គ្រងអំណាចក្នុងវិស័យនយោបាយក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នាពេលខាងមុខ។ ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀត ក៏នឹងបន្តធ្វើការងារ លើវិស័យនយោបាយ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជានេះផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner