ជប៉ុនពង្រីកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជុំវិញការលុកលុយអ៊ុយក្រែន

តូក្យូ៖ ក្រសួងពាណិជ្ជកម្មជប៉ុនបានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋាភិបាលជប៉ុនបានពង្រីកកញ្ចប់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី តាមរយៈការដាក់បញ្ចូលមុខទំនិញមួយចំនួនទៅក្នុងបញ្ជីហាមឃាត់ សម្រាប់ការផ្គត់ផ្គង់ក្នុងពេលបច្ចុប្បន្ននេះ រួមទាំងទំនិញថ្មីចំនួន ៧៥៨មុខផងដែរ។

ក្រសួងពាណិជ្ជកម្មជប៉ុនបានបង្ហាញវិធានការរឹតបន្តឹងនាពេលខាងមុខជាលើកដំបូង កាលពីសប្តាហ៍មុន ដោយកត់សម្គាល់ថា ប្រទេសជប៉ុននឹងពង្រីកបញ្ជីផលិតផលដែលត្រូវបានហ៊ុមព័ទ្ធលើរុស្ស៊ី ចាប់ពីថ្ងៃទី០៩ ខែសីហាខាងមុខ ដោយសារតែជម្លោះនៅអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មជប៉ុន ការហាមឃាត់ការនាំចេញដែលបានធ្វើវិសោធនកម្មនេះ នឹងគ្របដណ្តប់លើផលិតផលជាច្រើនរួមមានដែក ដែកថែប ទង់ដែង និងអាលុយមីញ៉ូម ព្រមទាំងសារធាតុគីមីឧស្សាហកម្ម ប្លាស្ទិក ឈើ វាយនភ័ណ្ឌ គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងឧបករណ៍វិទ្យាសាស្ត្រជាដើម។ ដោយឡែករុស្ស៊ីបានបញ្ជាក់នាពេលថ្មីៗនេះថា ខ្លួនកំពុងពិចារណាលើជំហានសងសឹកប្រឆាំងនឹងជប៉ុនវិញ និងបានចាត់ទុកទណ្ឌកម្មរបស់ជប៉ុន ជា “ទង្វើអវិជ្ជមានខ្លាំង”។

កន្លងមក វិមានក្រឹមឡាំងបានចុះក្នុងបញ្ជីខ្មៅនូវសមាជិកសភាជប៉ុនជិត ៤០០នាក់ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មពីមុន និងសម្រាប់ជំហរមិនរួសរាយរាក់ទាក់ប្រឆាំងនឹងរុស្ស៊ី ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ហើយក៏បានហាមប្រាមមន្ត្រីជាន់ខ្ពស់ជប៉ុនរាប់សិបនាក់ ក្នុងនោះមាននាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា ពីការចូលជាន់ទឹកដីរុស្ស៊ីផងដែរ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner