កត្តាប្រែប្រួលអាកាសធាតុឡើងកម្តៅខ្លាំង កំពុងបង្កផលប៉ះពាល់ដល់មនុស្ស និងរុក្ខជាតិនៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក
អាមេរិក៖ បន្ទាប់ពីការកត់ត្រាសីតុណ្ហភាពជាមធ្យមប្រចាំខែសម្រាប់ទីក្រុងនានាក្នុងសហរដ្ឋអាមេរិកគេបានមើលឃើញថាទីក្រុង Phoenix ដែលស្ថិតក្នុងរដ្ឋ អារីហ្សូណា(Arizona) នឹងឡើងដល់សីតុណ្ហភាពខ្ពស់ដ៏គ្រោះថ្នាក់បំផុតក្នុងសប្តាហ៍នេះ។ ការឡើងកម្ដៅដ៏ខ្លាំងនេះ បញ្ហាមិនត្រឹមតែសម្រាប់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រុក្ខជាតិមួយចំនួនផងដែរ។
ប្រជាជនដែលរស់នៅលើផ្ទៃដីដ៏ធំល្វឹងល្វើយនៃក្រុង Phoenix ក៏បានរងឥទ្ធិពលពីកម្ដៅដ៏ខ្លាំងក្លាដែលមិនធ្លាប់មាន និងរហូតនាំឱ្យរុក្ខជាតិមួយចំនួនឆ្អិនខ្លោចដោយសារឥទ្ធិពលនៃរលកកម្ដៅនេះ ផងដែរ។ ពួកគេក៏បានចែករំលែករូបថត និងវីដេអូជាច្រើនអំពីដើមដំបងយក្ស ដែលត្រូវបានបំផ្លិចបំផ្លាញ។
ទន្ទឹមនឹងនេះ សួនរុក្ខសាស្ត្រវាលខ្សាច់ (Desert Botanical Garden) ដែលជាកន្លែងអភិរក្សរុក្ខជាតិប្រភេទដំបងយក្សក៏បានស្នើសុំជំនួយ ក្រោយរុក្ខជាតិធន់នឹងអាកាសធាតុប្រភេទនេះបានជ្រុះស្លឹកជាបន្តបន្ទាប់។
អ្នកស្រី Sophia Booth ដែលជាអ្នករចនាទេសភាពនៅ Moon Valley Nursery ដែលមានទីតាំងជិតដប់កន្លែងនៅជាយក្រុង Phoenix បាននិយាយថា អ្នកស្រីទទួលបានការរាយការណ៍ពីគ្រប់ទីតាំងអំពីបញ្ហាទៅលើរុក្ខជាតិដំបងយក្ស។
យ៉ាងណាមិញ អ្នកស្រីបានណែនាំឱ្យប្រជាពលរដ្ឋស្រោចទឹក និងជីដែលមានជីវជាតិខ្ពស់ដល់ដើមឈើដំបងយក្សទាំងនោះ ឬក៏ព្យាយាមដាំរាល់ថ្ងៃ ដោយមិនឱ្យមានការកាប់ដើម។
នៅឯសួនរុក្ខសាស្ត្រវាលខ្សាច់ដដែលនេះ ប្រភេទដើមដំបងយក្សជាង ១០០០ដើមដែលជាទ្រព្យសម្បត្តិរបស់ស្ថាប័ននេះ បានដួលរលំ ឬបាក់មែកជាបន្តបន្ទាប់ក្នុងសប្តាហ៍មុន ដែលជាអត្រាមួយដែលខ្ពស់ខុសពីធម្មតា។ ខណៈដែលដំបងយក្សទាំងនេះបានបំបែកកំណត់ត្រាទ្រាំទ្រនឹងកម្ដៅដ៏ក្ដៅ កាលពី ៣ ឆ្នាំមុន ប៉ុន្តែនៅតែមិនអាចទប់ទល់នឹងសីតុណ្ហភាពជាមធ្យមនៅទីក្រុង Phoenix កាលពីខែមុនគឺ ១០២,៧ អង្សាហ្វារិនហៃ (៣៩,៣ អង្សាសេ)។
អ្នកស្រី Kimberlie McCue ប្រធានផ្នែកវិទ្យាសាស្ត្រនៃសួនរុក្ខសាស្ត្របានឱ្យដឹងថា មនុស្សទូទៅសន្មត់ថា រុក្ខជាតិដំបងយក្ស ជារុក្ខជាតិដែលមានសមទ្ធិភាពស៊ូទ្រាំនឹងកម្តៅដ៏ក្តៅគគុក ប៉ុន្តែសូម្បីភាពធន់របស់វាក៏នៅតែមានកម្រិតដែរ។
ដោយឡែក បើតាមការចុះផ្សាយរបស់កាសែត Washinton Post កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ថ្មីនេះ ប្រហែលជាមានកត្តាបីរួមបញ្ចូលគ្នាដែលជំរុញទីក្រុង Phoenix ក្លាយជាតំបន់ ដែលកើនឡើងកម្ដៅខ្លាំងនាខែនេះ។ កត្តាទាំងនោះរួមមាន បម្រែបម្រួលនៃធម្មជាតិ ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស និងការកើនឡើងកម្ដៅចេញពីការអភិវឌ្ឍទីក្រុង៕
ប្រែសម្រូលដោយ៖ កែវ បុស្បា