ទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រារព្ធខួបនៃការទម្លាក់គ្រាប់បែកបរមាណូនិងចាត់ទុកការទប់ស្កាត់នុយក្លេអ៊ែរថាជាភាពផ្ទុយគ្នាពីទិដ្ឋភាពពិត

តូក្យូ៖ ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យកន្លងទៅនេះបានប្រារព្ធខួបលើកទី៧៨នៃការទម្លាក់គ្រាប់បែក​បរមាណូរបស់សហរដ្ឋអាមេរិកទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ជាកន្លែងដែលអភិបាលក្រុងរបស់ខ្លួន​បានជំរុញឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងបានហៅគំនិតរបស់ក្រុមមេដឹកនាំនៃប្រទេស G7 ពីការទប់ស្កាត់នុយក្លេអ៊ែរថាជា ភាពផ្ទុយគ្នាពីទិដ្ឋភាពពិតជាក់ស្ដែង។​

កាលពីថ្ងៃអាទិត្យ កណ្តឹងសន្តិភាពបានបន្លឺឡើងនៅម៉ោង ៨:១៥ ព្រឹក (2315 GMT នៅថ្ងៃសៅរ៍) ដែលជាពេលវេលាដែលគ្រាប់បែកត្រូវបានទម្លាក់។ អ្នកចូលរួមប្រហែល ៥០ ០០០ នាក់នៅក្នុងពិធីរំលឹកវិញ្ញា​ណក្ខន្ធនៅខាងក្រៅរួមទាំងអ្នកនៅរស់រានមានជីវិតពីភាពចាស់ជរាបានបង្ហាញការគោរពវិញ្ញាណក្ខន្ធដោយ​ការឱនមុខចុះជាមួយភាពស្ងៀមស្ងាត់មួយអន្លើ។ ​

អភិបាលក្រុង ហ៊ីរ៉ូស៊ីម៉ា(Hiroshima )លោក កាហ្សូមី មាត្សូអ៊ី(Kazumi Matsui) បាននិយាយនៅក្នុងពិធីនោះថា ៖ «មេដឹកនាំជុំវិញ ពិភ​ពលោកត្រូវតែប្រឈមមុខនឹងការពិត ដែលការគំរាមកំហែងនុយក្លេអ៊ែរឥឡូវនេះត្រូវបានបញ្ចេញដោ​យអ្នកបង្កើតគោលនយោបាយដោយខ្លួនឯងតែម្ដង ហើយនេះបានបង្ហាញពីភាពផ្ទុយគ្នា​នៃទ្រឹស្តីទប់ស្កាត់នុយក្លេអ៊ែរ»។​

ផ្ទុយគ្នា ព្រោះថា​ទន្ទឹមនឹងទិវារំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតពីការវាយប្រហារ​នុយក្លេអ៊ែរលើក​ទីមួយ​របស់ពិភពលោកបានមកដល់ រុស្ស៊ីបែរជាកំពុងលើកឡើងពីទិដ្ឋភាពនៃ​ការប្រើប្រាស់​អាវុធនុយ​ក្លេអ៊ែ​រ​តាមរយៈសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។​

ជាមួយគ្នានេះដែរ ជីវប្រវត្តិ «Oppenheimer» ដែលរៀបរាប់អំពីការបង្កើតគ្រាប់បែកបរមាណូក៏​កំពុង​ក្លា​យ​​ជា​ប្រធានបទដែលគេលើកមកជជែក តាមរយៈខ្សែភាពយន្ដ។ អ្នក​ខ្លះ​បាន​រិះគន់​ភាពយន្ត​នេះ​ថា​មិន​អើពើ​នឹង​ការ​បំផ្លិចបំផ្លាញ​អាវុធ​របស់​ទីក្រុង Hiroshima និង Nagasaki ដែល​បាន​ទម្លាក់​គ្រាប់​បែក​បី​ថ្ងៃ​ក្រោ​យ​មក គឺ​នៅ​ថ្ងៃ​ទី ៩ ខែ​សីហា ឆ្នាំ១៩៤៥។​

យ៉ាងណាមិញ សម្រាប់ប្រទេសជប៉ុន ភាពយន្ដ «Oppenheimer»​ នេះមិន​ទាន់​ត្រូវ​បាន​គេ​ប្រកាសអំពីកា​លបរិច្ឆេទក្នុង​ការ​ចាក់​បញ្ចាំង​នៅ​ឡើយ​ទេ។​

បើទោះបីជាយ៉ាងនេះក្ដី មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការប្តេជ្ញា​ចិត្តរបស់​ពួកគេក្នុងកា​រសម្រេចឱ្យបាននូវការរំសាយអាវុធ។ ប៉ុន្តែបាននិយាយថាដរាប​ណាមាន​អាវុធនុយក្លេអ៊ែរ ពួកគេនៅតែចាំ​បា​ច់ក្នុងការប្រើប្រាស់អាវុធនេះវិញ ដើម្បីទប់ស្កាត់ការឈ្លានពាន និងទប់ស្កាត់​សង្គ្រាម។​

ពាក់ព័ន្ធនឹងចំណុចនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូនីញ៉ូ ហ្គេតឺរ៉េស(Antonio Guterres) បាន​និយាយនៅ​ក្នុងសុន្ទរកថាដែលអានដោយអ្នកតំណាងអង្គការសហប្រជាជាតិថា ៖ «មេដឹកនាំ​ពិភពលោកបានទៅទស្សនាទីក្រុងដែលរងគ្រោះពីគ្រាប់បែកបរមាណូ បានឃើញទីតាំងផ្ទាល់ និងបាននិយាយជាមួយអ្នករស់រានមានជីវិត ហើយបានបង្ហាញជំហយ៉ាងជាក់លាក់ដើម្បីទទួលយកមូលហេតុនៃការរំសាយអាវុធនុយក្លេអ៊ែរ»។​

លោកបន្តថា ៖ «ការទប់ស្កាត់នុយក្លេអ៊ែគួរតែត្រូវបានរិតបន្តឹងបន្ថែមទៀត ព្រោះវត្តមាននៃសង្រ្គាម​នុយក្លេអ៊ែរកំពុងវាយលុកម្តងទៀតហើយ»។​

គួរបញ្ជាក់ថា គ្រាប់បែកដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីខែសីហា ឆ្នាំ ១៩៤៥ ដែលមានរហស្សនាមថា «Little Boy» បានសម្លាប់មនុស្សរាប់ពាន់នាក់ភ្លាមៗ និងប្រហែល ១៤០ ០០០​នាក់នាពេលនោះ។ តាមរយៈការគំរាមកំហែងដល់អាយុជីវិតប្រជាជនកាន់តែច្រើន ជប៉ុន​បាន​ចុះ​ចាញ់សង្រ្គាម​​នៅ​ថ្ងៃ​ទី ១៥ ខែ​សីហា នៃឆ្នាំដដែល៕​

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ Hiroshima marks a-bomb anniversary, calls nuclear deterrence “folly”

ads banner