ឡាវកត់ត្រាពីកំណើនភ្ញៀវទេសចរបរទេស ១.៦លាននាក់ ក្នុងពេល៦ខែឆ្នាំនេះ
វៀងចន្ទន៍៖ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣នេះ ឡាវបានកត់ត្រាពីការកើនឡើងចំនួនភ្ញៀវទេសចរបរទេស ចូលមកលេងកំសាន្តប្រទេសខ្លួនជាង ១.៦លាននាក់។
ទិន្នន័យថ្មីបំផុតដែលបង្ហាញដោយនាយកដ្ឋានទីផ្សារទេសចរណ៍នៃក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ក្នុងខែកក្កដា បានបង្ហាញថា ចំនួនភ្ញៀវច្រើនជាងគេមកពីប្រទេសថៃ មាន ៦៦៨,៩៥៩នាក់ បន្ទាប់មកវៀតណាម មាន ៣៩៨,៩៣៧នាក់ និងចិន មាន ៣១៧,៦០៤នាក់។

ចាប់តាំងពីរដ្ឋាភិបាលឡាវបើកប្រទេសឡើងវិញ សម្រាប់អ្នកដំណើរបរទេស ហើយផ្លូវដែកចិន-ឡាវបានដំណើរការមកទៀតនោះ ប្រជាជនមកពីប្រទេសផ្សេងៗបានសម្រុកទៅកាន់ប្រទេសឡាវ។ ផ្លូវរថភ្លើងគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម និងឆ្លងកាត់ខេត្តហ្លួងព្រះបាង និងខេត្តឧត្តមសាយ ដែលមានកន្លែងគួរជាទីចាប់អារម្មណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរ រួមទាំងសកម្មភាពផ្សងព្រេងបែបធម្មជាតិផងដែរ។

ដោយសារផ្លូវដែកចិន-ឡាវបម្រើជាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដ៏សំខាន់នោះ អាជ្ញាធរឡាវបានប៉ាន់ប្រមាណថា អ្នកដំណើរចិនប្រហែល ៣៦៨,០០០នាក់នឹងទៅលេងកំសាន្តប្រទេសឡាវនៅឆ្នាំ ២០២៣ កើនឡើង ២១ភាគរយ បើធៀបនឹងឆ្នាំមុន៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា