កម្ពុជា ប្រារព្ធទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ ខួបអនុស្សាវរីយ៍ លើកទី៥៦ឆ្នាំ នៃការបង្កើតអាស៊ាន
(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំ ទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ នៅព្រឹកទី៨សីហា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៦ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បណ្ដាអង្គទូតប្រចាំនៅកម្ពុជា មន្ត្រីអង្គការជាតិ និងអន្តរជាតិ មន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូប ។
សូមរំលឹកថា ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។

សូមជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមាន៖ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ជាសមាជិក ត្រូវបានបង្កើតឡើង ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។
ប្រវត្តិ នៃការបង្កើតអង្គការថ្នាក់តំបន់មួយនេះ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយ មានប្រទេសចំនួន ០៥ គឺប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃប្រាំទៀត ក្នុងតំបន់នេះរួមមាន៖ ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិក នៃសមាគមនេះជាបន្តបន្ទាប់ ។

អគ្គលេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ ០៥ឆ្នាំ ត្រូវបានប្តូរវេនគ្នាទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេស របស់រដ្ឋជាសមាជិក។ ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការ ត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុច្ចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ មាត្រា ៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិក ដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ ប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ាន បានចំនួនបីដង គឺលើកទី១ នៅឆ្នាំ២០០២ លើកទីពីរនៅឆ្នាំ២០១២ និងលើកទីបី នៅឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ ។

ចាប់តាំងពីការបង្កើតនៅឆ្នាំ១៩៦៧ បានឆ្លងកាត់វិបត្តិជាច្រើន ទម្រាំក្លាយជាអង្គការតំបន់ដែលមានតួនាទីស្នូល និងអាចទាក់ទាញមហាអំណាចពិភពលោក ដើម្បីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។
ដើម្បីអបអរសាទរទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣នេះ AMS សូមលើកយក កាលបរិច្ឆេទនៃការចូលជាសមាជិកអាស៊ានរបស់សមាជិកទាំង ១០ រួមមាន ៖
១. ឥណ្ឌូនេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ។
២. ម៉ាឡេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។
៣. សិង្ហបុរី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។
៤. ហ្វីលីពីន ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។
៥. ថៃ ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។
៦. ព្រុយណេ ដារូសាលឹម ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤។
៧. វៀតណាម ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥។
៨. មីយ៉ាន់ម៉ា ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។
៩. ឡាវ ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧។
១០. កម្ពុជា ចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ