លោក គីម ជុងអ៊ុន ដកតំណែងឧត្តមសេនីយកំពូល និងអំពាវនាវឱ្យកងទ័ពត្រៀមខ្លួនធ្វើសង្គ្រាម

ព្យុងយ៉ាង៖ នៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មាការយោធាកណ្តាល នៅថ្ងៃពុធសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្តេញប្រធានអគ្គសេនាធិការ លោក Pak Su Il ហើយជំនួសដោយអនុសេនាធិការ លោក Ri Yong Gil នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបណ្តេញឧត្តមសេនីយកំពូលរបស់គាត់ ហើយបានអំពាវនាវឱ្យបង្កើនការត្រៀមខ្លួនធ្វើសង្រ្គាម រួមទាំងការជំរុញការផលិតអាវុធ និងធ្វើសមយុទ្ធបន្ថែមទៀត។ ការវិវត្តន៍នេះបានកើតឡើងនៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មាការយោធាកណ្តាល នៅថ្ងៃពុធសប្តាហ៍នេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីលោក គីម បានចុះធ្វើអធិការកិច្ចរោងចក្រផលិតអាវុធសំខាន់ៗមួយចំនួន។

ការគំរាមរបស់មេដឹកនាំកូរ៉េខាងជើងនេះដែរ បានកើតមានឡើងចំពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រៀមរៀបចំធ្វើសមយុទ្ធរួមគ្នាដ៏សំខាន់មួយនៅចុងខែសីហានេះ។

បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA របៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃពុធនេះ គឺពិភាក្សាពីការត្រៀមខ្លួនក្នុងករណីផ្ទុះសង្រ្គាមពេញលេញ រួមទាំងការធានានូវមធ្យោបាយវាយប្រហារដ៏មានឥទ្ធិពល ដើម្បីធានាថា មានការត្រៀមខ្លួនខាងយោធាដ៏ល្អឥតខ្ចោះសម្រាប់សង្គ្រាម។

នាឱកាសនោះដែរ លោក គីម ក៏បានអំពាវនាវឱ្យគ្រឹះស្ថានឧស្សាហកម្មអាវុធទាំងអស់ ជំរុញការផលិតសព្វាវុធ និងឧបករណ៍យោធាជាច្រើនទៀត ក៏ដូចជាអំពាវនាវឱ្យធ្វើសមយុទ្ធសង្រ្គាមជាក់ស្តែង ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពនូវសព្វាវុធ និងឧបករណ៍យោធាចុងក្រោយបង្អស់ដែលទើបដាក់ពង្រាយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner