ប្រធានាធិបតីឥណ្ឌូនេស៊ី ទន្ទឹង​​រង់ចាំធ្វើការងារនានាជាមួយឯកឧត្តមកិត្តិទេសា​ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិថ្មី

ភ្នំពេញ៖នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានបញ្ជាក់ថា ឯកឧត្តមទន្ទឹងរង់ចាំដោយក្តីសោមនស្សរីករាយ បំពេញការងារនានាជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជាក្នុងអាណត្តិថ្មី នៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបតាមទូរស័ព្ទនេះ ឯកឧត្តម​ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជោគជ័យ​លើការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។

ឯកឧត្តមប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ប្រកបដោយ​សន្តិសុខ​សណ្តាប់​ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
សូមជម្រាបថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួម​កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធខាងមុខនេះ ខណៈប្រទេសឥណ្ឌូនេស៊ីធ្វើជាប្រធាននៅក្នុងឆ្នាំ២០២៣៕
ដោយ៖ពលជ័យ

ជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាតាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី
ads banner