រថយន្តធុនត្រាបុករថយន្តសាំងយ៉ុង របួសធ្ងន់ស្រាល៤នាក់ នៅក្រុងបាវិត
ស្វាយរៀង៖ បុរស៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនត្រាដែលបើកក្នុងល្បឿនលឿនបុកជាមួយរថយន្តសាំងយ៉ុង បញ្ច្រាស់ទិសគ្នាពេញទំហឹងកាលពីម៉ោងប្រមាណ៤ទាបភ្លឺថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅមុខសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែន ជីភូ តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រៃធំសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានជនជាតិចិនម្នាក់ម្នាក់ មិនត្រូវបានស្គាល់ឈ្មោះបានបើករថយន្ដម៉ាកធុនត្រា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២AX-១៧១៣ និងអ្នករួមដំណើរម្នាក់ តាមផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ស្រាប់តែទៅបុកនឹងរថយន្ដមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ឆ្នូតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AI-៨៣០៨ ជិះគ្នា៤នាក់ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើករថយន្ដសាំងយ៉ុងកៀបជាប់នៅក្នុងកាប៊ីន រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្រោយបង្កហេតុ អ្នកបើករថយន្តធុនត្រា និងអ្នករួមដំណើរជាជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរផងដែរ។ ចំណែកអ្នករងរបួសទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្បង្អែកជីភូ ក្រុងបាវិត។ សមត្ថកិច្ចបានវាស់វែង យករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ធ.ដ


