ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហាញពីបំណងចង់នាំចេញអង្ករចេញពីកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជួបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី១១ ខែសីហា ២០២៣នេះ។ នៅក្នុងជំនួបឯកឧត្តម ចូកូ វីដូដូ បានបង្ហាញបំណងចង់នាំចេញអង្ករចេញពីប្រទេសកម្ពុជា និងបានសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជូនគណៈប្រតិភូមកពិភាក្សាលើការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅពេលដ៏ខ្លីខាងមុខ។

រំលេចចេញពីជំនួបពិភាក្សារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសន្ទនាបានផ្ដោតទៅលើការគោរពជូនពរសម្ដេចតេជោហ៊ុន សែន ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ដែលការបោះឆ្នោតនោះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើហិង្សា។
ឯកឧត្តម ចូកូ វីដូដូ ជម្រាបជូនសម្ដេចតេជោថាឯកឧត្តមទន្ទឹងរង់ចាំធ្វើការជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ ។
កិច្ចសន្ទនាក៏បានផ្ដោតទៅលើបញ្ហាសន្តិសុខស្បៀងដែលក្នុងនោះឯកឧត្តម ចូកូ វីដូដូ បានបញ្ជាក់អំពីបំណងចង់នាំចេញអង្ករចេញពីប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ឯកឧត្តមសុំការអនុញ្ញាតពីសម្ដេចតេជោដើម្បីបញ្ជូនគណៈប្រតិភូមកពិភាក្សាលើករណីនេះ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអំណរគុណចំពោះឯកឧត្តម ចូកូ វីដូដូ និងបានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូដែលនឹងអញ្ជើញមកពិភាក្សាលើការនាំចេញអង្ករពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន ១០០ ភាគរយនៅកម្ពុជាលើការបង្កើតម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុកនិងបណ្ដាញទិញស្រូវពីប្រជាកសិករដើម្បីធានាការនាំចេញអង្ករពីកម្ពុជា ៕ដោយ៖ពល ជ័យ
