មនុស្សប្រាំនាក់បានស្លាប់ និង ៤ម៉ឺន នាក់ត្រូវបានជម្លៀសចេញ ខណៈដែលទឹកជំនន់បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា

ណៃពិដោ៖ មន្ត្រីបាននិយាយ កាលពីថ្ងៃសុក្រថា ទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងមូសុងបានសម្លាប់មនុស្សប្រាំនាក់ និងបង្ខំឱ្យមានការជម្លៀសមនុស្ស ប្រហែល ៤០០០០ នាក់ផ្សេងទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ខ្សែវីដេអូពីរដ្ឋរ៉ាឃីន (Rakhine) ជាទីដែលត្រូវបានបំផ្លិចបំផ្លាញ ក្នុងខែឧសភា ដោយព្យុះស៊ីក្លូន ម៉ូឆា (Mocha) បានបង្ហាញពីតំបន់ដ៏ធំ នៃភូមិ និងដីស្រែចំការ ដែលលិចដោយទឹកជំនន់។

មីយ៉ាន់ម៉ារងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ជារៀងរាល់ឆ្នាំ នៅរដូវកាលនេះ ប៉ុន្តែព្រឹត្តិការណ៍អាកាសធាតុខ្លាំងបានវាយប្រហារជុំវិញពិភពលោក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាព្រឹត្តិការណ៍ដែលអ្នកវិទ្យាសាស្ត្របាននិយាយថា កាន់តែអាក្រក់ទៅៗដោយការប្រែប្រួលអាកាសធាតុ។

នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសុខុមាលភាពសង្គម សង្គ្រោះ និងការតាំងទីលំនៅថ្មី របស់ប្រទេសមីយ៉ាន់ម៉ា លោកស្រី ឡេ ស្វេ ហ្ស៊ីន អូ (Lay Shwe Zin Oo) បានប្រាប់ AFP ថា មនុស្សប្រាំនាក់ត្រូវបានសម្លាប់។

លោកស្រីបានបន្ថែមថា មនុស្សប្រហែល ៣៧,០០០នាក់ត្រូវបានជម្លៀសចេញរួចហើយ នៅជុំវិញប្រទេសមីយ៉ាន់ម៉ា ដោយតួលេខអាចនឹងកើនឡើងលើសពី ៤០,០០០នាក់ គិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ។

លោកស្រីបានបន្តថា ៖ «នាយកដ្ឋានរបស់យើងកំពុងផ្តល់របស់ចាំបាច់សម្រាប់គ្រួសារដែលត្រូវជម្លៀសទៅជំរំបណ្ដោះអាសន្ន»។

ទឹកជំនន់បានចាប់ផ្តើមនៅចុងខែកក្កដា ហើយបានប៉ះពាល់ដល់រដ្ឋ និងតំបន់ចំនួនប្រាំបួនរបស់ប្រទេស រួមមាន រ៉ាឃីន (Rakhine), កាឈិន(Kachin), ការ៉ែន (Karen) មន (Mon) និងឈិន (Chin)។

នៅក្នុងរដ្ឋ Karen (ការ៉ែន) ការបាក់ដីបានកាត់ផ្តាច់ផ្លូវហាយវេដ៏សំខាន់មួយតភ្ជាប់ទីក្រុងមួយនៅព្រំដែនជាមួយប្រទេសថៃ ហើយរបបយោធាបាននិយាយថា វាអាចចំណាយពេលមួយខែដើម្បីសាងសង់ស្ពានបណ្តោះអាសន្ន។

ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងជម្លោះស៊ីវិលដ៏បង្ហូរឈាម រវាងរបបយោធាដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ២០២១ និងកងជីវពលស៊ីវិលដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner