ឯកឧត្តម វ៉ាង យី៖ ចិនគាំទ្រកម្ពុជា និងមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងរីកចម្រើនឡើងកាន់តែធំធាត់

ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន នឹងរីកចម្រើនឡើង កាន់តែធំធាត់ ជាពិសេស កម្ពុជាកាន់តែមានភាពរុងរឿងឡើង ថែមទៀត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ឯកឧត្តម វ៉ាង យី បានគោរពពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនចំពោះសម្ដេចតេជោ។ ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជាជាច្រើនដងហើយៗជារៀងរាល់ដងដែលបានមកដល់កម្ពុជា ឯកឧត្តមបានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះជាសក្ខីភាពទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប។ ឯកឧត្តមបានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រពីប្រជាជនលើស៨០%។

ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសជាច្រើន បានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាហើយឃើញថា ការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ខែកក្កដាកន្លងទៅ គឺយុត្តិធម៌ តម្លាភាព និងស្របច្បាប់។ ប្រជាជនជាង៨០% បានទៅបោះឆ្នោត ដែលនោះសបញ្ជាក់ឱ្យឃើញ ថា ប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញ ប្រជាជនជាង៨០% បានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នោះសឱ្យឃើញថា ប្រជាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំបន្តទៀត។ ឯកឧត្តមថា ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។ ក្នុងន័យនេះ ឯកឧត្តម វ៉ាង យី សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ដើម្បីបញ្ជាក់ថា ចិនគាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន នឹងរីកចម្រើនឡើងកាន់តែធំធាត់ ជាពិសេស កម្ពុជាកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ចំណែកសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម វ៉ាង យី ដែលបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនជាច្រើនទៀតផងដែរ។ សម្ដេចបានថ្លែង អំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ចំពោះពាក្យពេចន៍ដ៏ល្អ ជាពិសេសការគាំទ្ររបស់មិត្តចិន។ សម្ដេចតេជោបាន មានប្រសាសន៍ថា ប្រជាជនកម្ពុជាបានដឹងជាមុនថា នឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោត ហើយការគាំទ្ររហូតដល់ទៅ៨៤% គឺជាការអបអរសាទរ៕
ដោយ៖ពលជ័យ

ads banner