នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកណ្តាលទទួលបានការផ្សព្វផ្សាយ អប់រំសុខភាពជំងឺឆ្លងផ្សេងៗ
ខេត្តកណ្តាល៖ ដើម្បីចូលរួមទប់ស្កាត់ ការការពារពីជំងឺឆ្លងផ្សេង ដល់នាយ-ពលទាហាន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ តំបន់ប្រតិបត្តិការសឹករងកណ្តាលបានរៀបចំការផ្សព្វផ្សាយអប់រំសុខភាពជំងឺឆ្លងផ្សេងៗ ឱ្យបានយល់ពីបញ្ហាប្រឈម ហានិភ័យ និងវិធានការនានាក្នុងការទប់ស្កាត់ និងព្យាបាលទាន់ពេលវេលា ។
ពិធីនេះធ្វើឡើងនៅអគារទីបញ្ជាការ ដោយមានការអញ្ជើញធ្វើជាវាគ្មិន ដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ នាយរងសេនាធិការយោធភូមិភាគពិសេស ទទួលបន្ទុក ផ្នែកសុខាភិបាល និងលោកឧត្តមសេនីយ៍ទោ គង់ សុវត្ថា មេបញ្ជាការរងតំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន សរុបចំនួន៧០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ បានលើកឡើងពី ឭជំងឺឆ្លងដូចជា ជំងឺកូវីដ១៩ ជំងឺអេដសន៍ ជំងឺកាមរោគ ជំងឺស្វាយ ជំងឺប្រមេះ ជំងឺថ្លើម និងជំងឺដែលឆ្លងតានថនិកសត្វ មានជំងឺប៉េះ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈិក ផ្សេងៗ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ បានធ្វើការបកស្រាយលំអិតអំពីជំងឺឆ្លងផ្សេងៗក្នុងនោះមានជំងឺកាមរោគ ជំងឺអេដសន៍ គឺជាជំងឺម្យ៉ាងដែលឆ្លងតាមការរួមភេទជាមួយដៃគូច្រើន ដែលមានផ្ទុកជំងឺដោយមិនបានការពារប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ។
ឯកឧត្តម ក៏បានបញ្ជាក់ពី របៀបឆ្លងជំងឺកាមរោគ – រោគសញ្ញា – ផលវិបាកនៃជំងឺកាមរោគ – វិធានការបង្ការការងារពារ ហើយអ្នកកើតជំងឺកាមរោគ ត្រូវទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ត្រូវលេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា។
បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត យឹម សាវុធ ក៏បានលើកឡើងពីប្រភេទជំងឺឆ្លងពីមនុស្សទៅសត្វ ពីសត្វទៅមនុស្ស ដែលតែងតែកើតឡើងជាហូរហែរ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលប្រការនេះ យើងត្រូវតែចេះរក្សាអនាម័យ សំអាតបរិស្ថានជុំវិញខ្លួន និងលាងដៃជាប់ជាប្រចាំនៅពេលប៉ះពាល់ជាមួយសត្វឈឺឬងាប់ ផ្សេងៗផងដែរ៕ដោយ ង៉ាន់ ទិត្យ



