សិស្សឆ្នើមមួយរូបរបស់សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតសកលលោក លើការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ
ភ្នំពេញ៖ សិស្សឆ្នើមមួយរូបទៀតរបស់កម្ពុជា មកពីសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតសកលលោក លើការប្រកួតវិញ្ញាសាគណិតវិទ្យាអន្តរជាតិ ក្នុងចំណោមសិស្សជាង ៨០.០០០នាក់ មកពី ៤២ប្រទេស។

សិស្សឆ្នើមកម្ពុជាមួយរូបនេះ គឺយុវតី គា ឆរីតា ដែលកំពុងសិក្សាថ្នាក់ទី៩ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ បានប្រឡងជាប់ជ័យលាភីលេខ១ កម្រិតសកលលោក និងទទួលបានមេដាយមាស១គ្រឿង ក្នុងចំណោមសិស្សចូលរួមសរុបចំនួន២,២៣១នាក់ ដែលបានប្រកួតប្រជែងវិញ្ញាសាគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 កម្រិតសិស្សថ្នាក់ទី៧ និងទី៨។ សេចក្ដីប្រកាសព័ត៌មានរបស់សាលាអន្ដរជាតិ CIA FIRST បានឱ្យដឹងថា កម្មវិធីខាងលើនេះ គឺរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ ការប្រកួតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់សិស្សានុសិស្សមកពីសាលារដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា មានឱកាសវាស់ស្ទង់សមត្ថភាពរបស់ខ្លួន និងរៀនសូត្រ ព្រមទាំងដកស្រង់បទពិសោធន៍ពីភាពជោគជ័យ នៃបណ្តាប្រទេសនានាជុំវិញពិភពលោក។ សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតនេះ និងជាលើកទី២ ដែលសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចូលរួម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិ តាមប្រព័ន្ធអនឡាញ Caribou Mathematics Contest 2023 នេះគឺជាការប្រកួតលំដាប់អន្តរជាតិ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្ថែមថា ការប្រកួតលំដាប់អន្តរជាតិនេះ មានសិស្សានុសិស្សចូលរួមសរុបប្រមាណជាង៨០,០០០នាក់ មកពី៤២ប្រទេស ជុំវិញពិភពលោកនៅឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាមានមោទនភាព ព្រមទាំងចូលរួមអបអរសាទរចំពោះយុវតី គា ឆរីតា ដែលបាននាំមកនូវជ័យលាភីឯកកម្រិតសកលជូនខ្លួនឯង គ្រួសារ សាលារៀន និងសង្គមជាតិ។ គណៈគ្រប់គ្រងសាលាក៏សូមបន្តជំរុញលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដទៃទៀត ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងជាពិសេសចូលរួមក្នុងការប្រកួតប្រជែងនានាទាំងក្នុងក្របខណ្ឌប្រទេស និងក្របខណ្ឌអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រកួត Caribou Mathematics Contest 2023 យុវតី គា ឆរីតា បានចូលរួមក្នុងការប្រកួតជាច្រើនក្នុងពេលកន្លងមក ហើយប្អូនតែងតែទទួលបាននូវភាពជោគជ័យជារឿយៗ។ ជាក់ស្ដែង ឆរីតា បានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Math Kangaroo 2023 ក្នុងកម្រិតថ្នាក់ទី៩-ទី១០ ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងថ្នាក់ជាតិលើកទី៥ កម្មវិធី UCMAS ឆ្នាំ២០២៣ ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីប្រឡងសិស្សពូកែទូទាំងរាជធានីភ្នំពេញ ក្នុងកម្រិតថ្នាក់ទី៩ ឆ្នាំ២០២៣ ហើយថ្មីៗនេះ ប្អូនក៏ត្រូវបានជ្រើសរើសឱ្យទៅបន្តការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធីពានរង្វាន់បញ្ញាវ័ន្តពិភពលោក ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យយ៉េល សហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ៖ ឈឹម ទីណា


