សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ។

ក្នុងសារលិខិតជូនពរផ្ញើជូនសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលទទួលបាននៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចកិត្តិសង្គហបណ្ឌិត ជាទីរាប់អាន។ ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់សម្ដេចកិត្តិសង្គហបណ្ឌិត គម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនសម្ដេច សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

សម្ដេចបន្តថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេច ក្នុងការដឹកនាំនិងគ្រប់គ្រង លើវិស័យទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដើម្បីសម្របសម្រួលនិង គ្រប់គ្រងការងារនីតិកម្ម និងការងារផ្សព្វផ្សាយច្បាប់ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្ដេច បានចូលរួមដោះស្រាយនូវបាតុភាពអសកម្មនានា ក្នុងកិច្ចការពារសុវត្ថិភាពសាធារណៈ ការអភិវឌ្ឍជាតិនិង លើកកម្ពស់វិស័យមនុស្សធម៌ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

សម្ដេចតេជោបានបញ្ជាក់ជាថ្មីម្ដងទៀតថា ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់សម្តេច និងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្ដេចកិត្តិសង្គហបណ្ឌិត ទទួលនូវការរាប់អានអំពីខ្ញុំ និងភរិយា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner