មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ក្រុមហ៊ុនចំនួនពីរកំពុងស្វែងរកទីតាំងវិនិយោគបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានិងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា នាពេលឆាប់ៗខាងមុខនេះ នឹងមានក្រុមហ៊ុនចំនួនពីរដែលកំពុងរកទីតាំងវិនិយោគ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួនបីហើយ កំពុងវិនិយោគក្នុងវិស័យមួយនេះ។

លោក ជា វុទ្ធី បានថ្លែងបែបនេះ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដោយលោកបានបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នឹងខិតខំប្រឹងប្រែងដើម្បីពិភាក្សាជាមួយនឹងបណ្តាក្រុមហ៊ុនទាំងអស់នោះ ធ្វើយ៉ាងណាឱ្យទិញជ័រកៅស៊ូនៅកម្ពុជា ដើម្បីយកទៅផលិតសម្បកកង់រថយន្ត។

លោករំលេចដោយសង្ឃឹមថា ក្រុមហ៊ុនវិនិយោគទាំងប្រាំនេះនឹងចូលរួមចំណែកស្រូបកៅស៊ូកម្ពុជាយ៉ាងតិចចំនួនប្រមាណពីរសែនតោនក្នុងមួយឆ្នាំ ស្របពេលដែលបច្ចុប្បន្ននេះការផលិតជ័រកៅស៊ូនៅក្នុងទូទាំងប្រទេសបានបរិមាណសរុបជាង ៥០ ម៉ឺនតោន សម្រាប់ការនាំចេញទាំងផ្លូវការ និងក្រៅផ្លូវការ។

«ខ្ញុំបានខិតខំប្រឹងប្រែង ដើម្បីពិភាក្សា ជាមួយនឹងបណ្តាក្រុមហ៊ុនទាំងអស់នោះ ដើម្បីធ្វើយ៉ាងណាទិញជ័រកៅស៊ូនៅកម្ពុជាយើងដើម្បីយកទៅផលិត ព្រោះថាដើម្បីផលិតបានសំបកកង់រថយន្តមួយ គឺយើងត្រូវការគ្រឿងបង្គុំ និងវត្ថុធាតុដើមប្រមាណជា១០០មុខ ហើយនៅកម្ពុជាយើងមានតែកៅស៊ូធម្មជាតិមួយមុខ ដែលអាចរួមចំណែកក្នុងខ្សែច្រវ៉ាក់ផលិតកម្មនេះ ខណៈធាតុផ្សំផ្សេងទៀត ត្រូវធ្វើការនាំចូល»។ នេះជាការបញ្ជាក់របស់ លោក ជា វុទ្ធី។

បច្ចុប្បន្ននេះ ក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជាមានចំនួនបីក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ក្រចេះ និងខេត្តស្វាយរៀង។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបានទិញជ័រកៅស៊ូធម្មជាតិក្នុងស្រុក ខណៈវត្ថុធាតុដើមពាក់កណ្តាលសម្រេចផ្សេងទៀត ត្រូវបាននាំចូលពីប្រទេសជិតខាងកម្ពុជា។

បើតាមគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២៣នេះ ក្រុមហ៊ុននោះទិញបាន១៤ ០០០ តោន សម្រាប់ផលិតកង់រថយន្ត ហើយក្នុងមួយថ្ងៃ ក្រុមហ៊ុននេះមានសមត្ថភាពផលិតកង់រថយន្តបានប្រមាណពីរម៉ឺនកង់។

ដោយឡែករោងចក្រផលិតសំបកកង់រថយន្តពីរផ្សេងទៀត អាចមានសមត្ថភាពផលិតសំបកកង់បានជាង១៤លានសំបកក្នុងមួយឆ្នាំ។ រោងចក្រផលិតសំបកកង់រថយន្តមួយមានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់ដំណើរការសាកល្បងជាមួយនឹងក្ដីរំពឹងថា អាចផលិតបានប្រាំលានសំបក សម្រាប់សំបកកង់រថយន្តធុនតូច និង៩០ម៉ឺនសំបកសម្រាប់កង់រថយន្តធុនធំ ក្នុងមួយឆ្នាំ។ រោងចក្រនេះនឹងផលិតសំបកកង់រថយន្ត សម្រាប់ផ្គត់ផ្គង់លើទីផ្សារសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេស៊ីល និងប្រទេសមួយចំនួនទៀត។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ទៅថ្ងៃអនាគតកម្ពុជា កាន់តែមានការរីកចម្រើនផ្នែកឧស្សាហកម្ម រោចក្រ ក្រោយអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា ចិន កូរ៉េ ក៏ដូចជា RCEP នឹងជំរុញកាន់តែខ្លាំងផ្នែកឧស្សាហកម្មមិនមែនកាត់ដេរ ដូចជាឧស្សាហកម្មផលិតគ្រឿងចក្រ និងសំបកកង់យានយន្តនេះជាដើម។

លោកបានគូសបញ្ជាក់ថា ៖ «ដោយមានភាពអនុគ្រោះច្រើន តាមរយៈការលើកទឹកចិត្ត ច្បាប់វិនិយោគថ្មី ដែលជាភាពទាក់ទាញមួយ ជាពិសេសការចុះបញ្ជីមានភាពងាយស្រួលតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX របស់ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹកអភិវឌ្ឍន៍កម្ពុជា ដែលជាការទាក់ទាញអ្នកវិនិយោគពីបរទេសចូលមកអភិវឌ្ឍនៅកម្ពុជា»។

អ្នកឧកញ៉ាបានបន្ថែមថា គម្រោងនៃការបង្កើតរោងចក្រថ្មីៗនេះ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានថវិកាជាង ៣៨៥លានដុល្លារ កើនឡើង៤៣ភាគរយ៕ ដោយ៖ វណ្ណ សុជាតា

ads banner