ក្រុមរថយន្ត Rally កម្ពុជា ទទួលបានលេខកាន់ល្អ សម្រាប់ដំណាក់កាលទី២
ខេត្តសារិន៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Asia Cross Country Rally 2023 លើចម្ងាយផ្លូវសរុប២០០០គីឡូម៉ែត្រ ចាប់ផ្តើមពីទីក្រុងប៉ាតាយ៉ា ប្រទេសថៃបញ្ចប់នៅប្រទេសឡាវ បានឈានដល់ដំណាក់កាលទី២ (SS2) ចេញពីខេត្តប្រាឈីនបូរី ឆ្ពោះមកខេត្តសារិន លើចម្ងាយផ្លូវសរុប២០៧.២៦គីឡូម៉ែត្រ។
លោក ផុន សុភណ្ឌ័ ប្រធានក្រុមជាង VKH Racing បានអោយដឹងថា ការប្រកួតរយៈពេល២ថ្ងៃនេះ រថយន្តប្រណាំងមិនមានបញ្ហាអ្វីនោះទេ ដូចជា ម៉ាស៊ីន កង់រថយន្ត គ្រឿងក្រោម និងផ្នែកបច្ចេកទេសផ្សេង គ្រាន់តែមានបញ្ហាម៉ាស៊ីនត្រជាក់បន្តិចប៉ុណ្ណោះ។ ប្រធានក្រុមជាងរូបនេះ បន្តថា ទោះបីមិនបញ្ហា ក៏ក្រុមជាងត្រូវធ្វើការត្រួតពិនិត្យអោយបានម៉ត់ចត់ជារៀងរាល់ថ្ងៃមុនការប្រណាំង និងប្រណាំងរួច គឺត្រូវប្តូរកង់ ប្តូរប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ប្តូរហ្វាំង ថែមទឹក និងចាក់សាំងជាដើម។
លទ្ធផលសរុប២ថ្ងៃពីគណកម្មការ Asia Cross បានអោយដឹងថា ក្រុម VKH Racing របស់ Kara ទទួលបានចំណាត់សរុប លេខ០៨ ខណៈ Class សាំង ទទួលបានលេខ១ និង ក្រុម Siam Prototype ទទួលបានលេខ១៦។ ស្របពេលលទ្ធផលដំណាក់កាលទី១ ក្រុម VKH Racing ចំណាត់សរុបលេខ១០ រីឯក្រុម Siam Prototype លេខ២៧។ សម្រាប់ការប្រណាំង SS3 គឺប្រណាំងលើចម្ងាយផ្លូវជាង១៧៩គីឡូម៉ែត្រ ចំនែកឯស្ថានផ្លូវវិញ មានភក់ ថ្ម ឆ្លងស្ពានឈើ ឆ្លងកាត់តំបន់មានទឹកជំនន់ និងតំបន់ប្រជុំជននៅខេត្តសារិន មុនឆ្លងទៅទីក្រុង ចំប៉ាសាក់ ប្រទេសឡាវ។ នេះជាការបញ្ជាក់បន្ថែមរបស់គណកម្មការ។
សូមបញ្ជាក់ថា Asia Cross Country Rally 2023 មានកីឡាករ១១ប្រទេស ក្នុងតំបន់អាស៊ានចូលរួម និងកីឡាករខ្លាំងជាច្រើនទៀតដូចជា ឥណ្ឌា អ៊ីស្រាអែល តៃវ៉ាន់ អូស្រ្តាលី និងអាមេរិក ខណៈកម្ពុជា មានរថយន្តប្រណាំង២គ្រឿង និងម៉ូតូ២គ្រឿងចូលរួម៕ ចាន់ វិចិត្រ

