មេបញ្ជាការសឹករងខេត្តកំពង់ធំ ណែនាំដល់គ្រប់កងឯកភាព និងស្ថាប័នចំណុះ យកចាត់ទុកដាក់ការងារហ្វឹកហ្វឺន ពង្រឹងកងកម្លាំង ក្នុងវិស័យការពារជាតិ

អត្ថបទដោយ៖
ប៊ុន រដ្ឋា

(កំពង់ធំ)៖ មេបញ្ជាការសឹករងខេត្តកំពង់ធំ បានណែនាំដល់គ្រប់បណ្ដាកងឯកភាព និងបណ្ដាស្ថាប័នចំណុះ យកចិត្តទុកដាក់ការងារហ្វឹកហ្វឺន ពង្រឹងកងកម្លាំង ក្នុងវិស័យការពារជាតិ និងខិតខំកសាងអង្គភាពឲ្យមានការរីកចម្រើនរឹងមាំ លើគ្រប់វិស័យ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។

នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆមាសទី១ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ស្ថាប័នចំណុះ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តទទួលបានជោគជ័យលើភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូន ពិសេសក្នុងកិច្ចសហប្រតិបត្តិការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នាពេលកន្លងមក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងឆមាសទី២ ឆ្នាំ២០២៣ មានជាអាទិ៍ ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ឲ្យទទួលបានជោគជ័យក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ៕

ដោយ ប៊ុន រដ្ឋា

ads banner