ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំ និង ចេញសេចក្តីថ្លែងការណ៍ស្ដីពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ។
ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។

សម្រាប់លទ្ធផលកិច្ចប្រជុំដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣នេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖
១.បានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ៖
- លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត
- ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។
២. បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។

៣. បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។
៤. ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅក្នុង ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយ ប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕


ដោយ៖ម៉ាដេប៉ូ