ឥណ្ឌូណេស៊ីបញ្ជាក់ថា ទិញអង្ករកម្ពុជាចំនួនជាង ១២ម៉ឺនតោន

ភ្នំពេញ៖ កិច្ចប្រជុំទ្វេភាគីរវាងក្រសួង ពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តម រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដែលមានការចូលរួមពីថ្នាក់ ដឹកនាំ ក្រសួង ថ្នាក់ដឹកនាំពាក់ព័ន្ធ និងថ្នាក់ដឹកនាំ សហព័ន្ធស្រូវអង្ករ កម្ពុជា ជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រី ក្រសួង ការ បរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បាន ប្រព្រឹត្តទៅកាលពី ព្រឹកថ្ងៃទី១៦ ខែសីហានៅទីស្តីការ ក្រសួងពាណិជ្ជកម្ម។

ប្រភពក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងនៅក្រោយកិច្ចប្រជុំថា ជាលទ្ធផលនៃកិច្ចជំនួបទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូណេស៊ី បាន ឯកភាព គ្នាដូចតទៅ៖១.ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករ ពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ។ ក្នុងនោះអង្ករស បរិមាណ ១០០ ០០០តោន ដោយប្រើប្រាស់យន្តការក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោន ទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និង លក្ខខណ្ឌផ្សេងទៀតភាគីទាំងពីរ និង បន្តពិភាក្សាគ្នាក្នុង ពេល ឆាប់ៗខាងមុខនេះ។

២.ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សរណនៃការយោគយល់ស្តីពី ការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួង ពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណ អង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់ សុពលភាព ៤ឆ្នាំ។

៣.ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួល ក្នុងការទំនាក់ទំនង និងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជ កម្ម អង្ករផងដែរ។ កម្ពុជា និងឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹង នូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដែលបានចែក រំលែកទៅវិញទៅមកនូវ ប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយ រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះជាមិត្តភាព និងការយោគយល់ គ្នាទៅវិញទៅមក ភាគីកម្ពុជាបានពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះ អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។

ប្រភពក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ក្នុងកិច្ចជំនួបនា ឱកាសនោះ ភាគីកម្ពុជាបានស្នើឱ្យភាគីមិត្តឥណ្ឌូណេស៊ីមានកិច្ចសហ ប្រតិបត្តិ ការ ដែលបានផ្តួចផ្តើមដូចខាងក្រោម៖

ជំរុញការ បញ្ជា ទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាពរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G), ឯកជននិងឯកជន (B2B), លើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគ ទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ និងលើកទឹកចិត្ត និងជម្រុញ ឱ្យមានកិច្ចប្រជុំរវាងធុរកិច្ច ប្រទេសទាំងពីរតាមរយៈ ជំនួបផ្ទាល់ និងភាគី ពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចការនាំចេញ អង្ករនិង ផលិត ផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។

ជាការឆ្លើយតបភាគីឥណ្ឌូណេស៊ី បានឯកភាពចំពោះការលើកឡើង របស់ភាគីកម្ពុជា និងបានជម្រាបភាគីកម្ពុជានូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ទាំងប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ជាពិសេសការធ្វើពាណិជ្ជកម្មទ្វេ ភាគីដែលមានទំហំកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រមទាំង មានបំណងធ្វើកិច្ចសហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ីក្នុងគោលបំណង រក្សាបាននូវ សុវត្ថិភាព ស្បៀង និងការប្រើប្រាស់ក្នុងប្រទេសផងដែរ៕ដោយ៖ទីណា

រូបភាពសន្លឹក៖ លោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា
រូបថត៖ក្រសួងពាណិជ្ជកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner