គ្រំចំពុះទាបានទទួលការពេញនិយម និងគាំទ្រទីផ្សារក្នុងស្រុកកើនឡើងប្រមាណ ២៥ភាគរយ
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះទីផ្សារគ្រំចំពុះទា ឬ អ្នកស្រុកហៅថា ខ្យងចំពុះទា កំពុងបានទទួលការពេញនិយមពីសំណាក់ពលរដ្ឋកម្ពុជាកាន់តែច្រើនឡើង ហើយទីផ្សារការលក់ក៏ពង្រីកកាន់តែច្រើនឡើងទាំងក្នុងសហគមន៍ក៏ដូចជារាជធានីភ្នំពេញ និង បណ្តា ខេត្ត ដទៃទៀត ។
លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះកុង បានប្រាប់ឱ្យដឹងថា៖ នៅសហគមន៍របស់លោក អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង ១ រដូវ ហើយជាទូទៅ សហគមន៍ អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។
លោក វង្ស តារា បានបញ្ជាក់ប្រាប់ថា ៖ ”មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ការលក់ខ្យងចំពុះទាបានប្រមាណ៧០ភាគរយហើយ ការប្រមូលផលនេះដែរគឺចុងដៃ ។ ការចិញ្ចឹមខ្យងចំពុះទានេះជួយបង្កើនជីវភាព បង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។ ចំណែកការគាំទ្ររបស់អតិថិជនក្នុងស្រុកបានកើនឡើងប្រមាណ ២៥ភាគរយ ដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០-១៥ភាគរយប៉ុណ្ណោះ។ការលក់ខ្យងចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋានជាដើម”។
លោកបានប្រាប់ដែរថា ការលក់ទៅកាន់ទីផ្សារក្នុងស្រុកកើនឡើងនេះបន្ទាប់ពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ខិតខំជួយទ្រទ្រង់ និងផ្សព្វផ្សាយធ្វើឱ្យការលក់ទៅកាន់ទីផ្សារក្នុងស្រុកកើនឡើងគួរឱ្យកត់សម្គាល់។
លោកអនុប្រធានតំបន់ការពារធម្មជាតិ ពាមក្រសោបបានលើកឡើងថា ការចិញ្ចឹមគ្រំប្រភេទនេះ គឺចិញ្ចឹមតាមបែបធម្មជាតិ ដោយមិនមានការផ្តល់ចំណីអ្វីទេ គឺពលរដ្ឋគ្រាន់តែចំណាយលុយទិញបង្គោលឈើ និងខ្សែសម្រាប់វាតោងប៉ុណ្ណោះ ដោយត្រូវប្រមូលផលរៀងរាល់មួយឆ្នាំម្តង ។
លោក វង់ តារា បានប្រាប់ថា៖គ្រំមួយប្រភេទនេះគេអាចកែច្នៃជាមុខម្ហូបច្រើនមុខ ហើយវាមានឱជារសឆ្ងាញ់ជាងជាងគ្រំ ឬខ្យងទឹកសាបទៅទៀត។ ក្រៅពីនេះគេអាចកែច្នៃធ្វើជាស្លម្ជូរគ្រឿង ស្រុះជ្រលក់ ឆាក្រៀម ញាំ អាំងឆាក្តៅ ស្ងោជ្រក់ជាដើម។ ពិសេសនៅបរទេសវិញគេអាចយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប និងអាចយកទៅដាក់ជាមួយភីហ្សាផងដែរ។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា គ្រំចំពុះទា គេឃើញមានចិញ្ចឹមនៅតែខេត្តកោះកុងមួយគត់ ក្នុងចំណោមខេត្តជាប់សមុទ្រនៅ កម្ពុជា។ នៅក្នុងនោះដែរ ការចិញ្ចឹមគ្រំនេះ មាននៅក្នុងឃុំចំនួន ៣ប៉ុណ្ណោះ គឺឃុំពាមក្រសោប នៃស្រុកមណ្ឌលសីមា , ឃុំកាពិ និង ឃុំជ្រោយប្រស់ នៃស្រុកកោះកុង ៕ដោយ៖ម៉ាដេប៉ូ


