សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។

សូមជម្រាបថា ក្រោយបើកសម័យប្រជុំហើយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នឹងដឹកនាំកិច្ចការងារពិភាក្សាសម្រេចលើសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នាអាណត្តិទី៧នេះ។ តំណាងរាស្រ្តដែលត្រូវបានផ្ដល់សុពលភាព នឹងត្រូវទៅស្បថនៅក្នុងព្រះបរមរាជវាំង នៅពេលរសៀល។

ដោយឡែកនៅថ្ងៃទី២២ សីហា សម័យប្រជុំសភាលើកទី១ អាណត្តិនេះ នឹងបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់ក្នុងរដ្ឋសភា និងផ្ដល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។
 
សម្រាប់សមាភាពថ្នាក់ដឹកនាំស្ថាប័នធំៗវិញ ត្រូវបានសម្ដេច ហ៊ុន សែន ប្រកាសកន្លងមកហើយថា លោកស្រី ឃួន សុដារី នឹងជាធ្វើប្រធានរដ្ឋសភា។ លោក ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្ត្រី។ ចំណែកសម្ដេច ហ៊ុន សែន នៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយនឹងធ្វើប្រធាន ឧត្តម ក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏ដូចជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេច សាយ ឈុំ ដែលសុំសម្រាកពីកិច្ចការងារ ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner