លោក គីម ជុងអ៊ុន ទៅមើលការបាញ់មីស៊ីលគ្រូសយុទ្ធសាស្រ្ត
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា លោកមេដឹកនាំ គីម ជុងអ៊ុន បានទៅទស្សនាកងនាវាចរមួយនិងត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលគ្រូស (cruise missile) យុទ្ធសាស្ត្រមួយ មុនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នា។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
KCNA ផ្សាយថា លោក គីម បានត្រួតពិនិត្យកងនាវាមួយក្នុងចំនោមកងនាវាកូរ៉េខាងជើងនៅសមុទ្រខាងកើត ឬសមុទ្រជប៉ុន ហើយបានមើលពេលដែលនាវិកធ្វើសមយុទ្ធបាញ់បង្ហោះមីស៊ីលគ្រូសយុទ្ធសាស្រ្ត ដែលរៀបចំឡើងក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវមុខងារប្រយុទ្ធរបស់នាវា និងលក្ខណៈពិសេសនៃប្រព័ន្ធមីស៊ីលរបស់នាវា ហើយធ្វើឱ្យទាហានសមុទ្រមានជំនាញក្នុងការអនុវត្តបេសកកម្មវាយប្រហារនៅក្នុងសង្គ្រាមជាក់ស្តែង។
ទីភ្នាក់ងារព័ត៌មានរដ្ឋដដែល មិនបានបញ្ជាក់ឡើយថាតើ លោក គីម ចុះទស្សនកិច្ចនោះនៅពេលណា ឬផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីប្រភេទមីស៊ីលគ្រូសដែលបាញ់ក្នុងសមយុទ្ធនោះទេ ទោះបីជានិយាយថា មីស៊ីលទាំងនោះបាន «វាយប្រហារគោលដៅយ៉ាងលឿនដោយគ្មានកំហុស» ក៏ដោយ។
ជាមួយគ្នានេះ កូរ៉េខាងត្បូងបាននិយាយថា ការរាយការណ៍របស់ KCNA គឺបំផ្លើស និងមានភាពខុសគ្នាជាច្រើនពីការពិត។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងត្រួតពិនិត្យសញ្ញាពាក់ព័ន្ធណាមួយ ដែលខ្លួនរកឃើញជាមុននៅក្នុងពេលវេលាជាក់ស្តែង។
ការប្រកាសរបស់កូរ៉េខាងជើង បានធ្វើឡើងខណៈដែលសមយុទ្ធ Ulchi Freedom Shield ប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ត្រូវចាប់ផ្តើមនៅថ្ងៃចន្ទនេះ។ សមយុទ្ធដែលមានបំណងទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើងនេះ នឹងដំណើរការរហូតដល់ថ្ងៃទី ៣១ ខែសីហា។ ទីក្រុងព្យុងយ៉ាងចាត់ទុកសមយុទ្ធបែបនេះ ថាជាការហាត់សមសម្រាប់ការលុកលុយ ហើយបានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងចាត់វិធានការឱ្យចាស់ដៃដើម្បីឆ្លើយតប៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ North Korea’s Kim oversees cruise missile launch https://www.channelnewsasia.com/asia/north-korea-kim-cruise-missile-launch-3712221