រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា អនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ក្នុងការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តគាំទ្រដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តម បណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង ឯកឧត្តម វង សូត ជាអនុប្រធានទី២ ។ ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។ ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។

ជាមួយគ្នានេះដែរ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុង លើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។

ចំពោះឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៕ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner