ស្ថានទូតចិននៅកម្ពុជាប្រកាសការប្រកួតផលិតវីដេអូខ្លីដើម្បីអបអរខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសរៀបចំការប្រកួតផលិតវីដេអូខ្លីដើម្បីអបអរសាទរ និងរំឭកខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣ និងដើម្បីបង្ហាញការវិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពិសេសគំនិតបង្កើតសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា។
តាមរយៈការប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីសប្តាហ៍មុន បានបញ្ជាក់ពីការប្រកួតជ្រើសរើសស្នាដៃផលិតវីដេអូខ្លីពាក់ព័ន្ធប្រធានបទជុំវិញទំនាក់ទំនងកម្ពុជា និងចិន ដែលជាប្រកួតមិត្តភាព ក្នុងន័យបង្ហាញពីទំនាក់ទំនងមាសរវាងប្រទេសទាំង២។
ស្ថានទូតចិនប្រចាំកម្ពុជាបានបន្តថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើស្នាដៃរបស់ខ្លួនដោយភ្ជាប់ជាមួយឈ្មោះខ្លួន ឬឈ្មោះស្ថាប័ន តាមរយៈបណ្តាញសង្គមនានាដូចជា៖ Kuaishou, Douyin, Bilibili, Facebook, Twitter, YouTube, Kwai និងTikTok ដល់ថ្ងៃទី២៣ ខែសីហា ហើយការវាយតម្លៃនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ និង២៤ សីហា។ អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅតាមក្រោយ។
ស្ថានទូតចិនបានសង្កត់ធ្ងន់ថា វីដេអូខ្លីៗដែលគ្របដណ្តប់លើទំនាក់ទំនងការទូតចិន-កម្ពុជា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងសហគមន៍នៃជោគវាសនារួមគ្នាកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានកំណត់ជាអាទិភាពបំផុត។
លក្ខខណ្ឌនៅក្នុងការចូលរួម គឺបេក្ខជនអាចបង្ហោះវីដេអូខ្លីរបស់ខ្លួនទៅតាមបណ្តាញសង្គមនានា ហើយប្រើកំណត់សម្គាល់ ឬhashtag ដើម្បីបង្ហោះស្នាដៃខ្លួននៅលើបណ្តាញសង្គម Kuaishou, Douyin និង Bilibili ចំណែកការបង្ហោះនៅលើបណ្តាញសង្គម Facebook, Twitter, YouTube, Kwai និងTikTok វិញត្រូវប្រើ hashtag #GoldenIllumination។
សម្រាប់ការចុះឈ្មោះចូលរួមប្រកួត បេក្ខជនត្រូវទាញយកទម្រង់បែបបទ និងចុះឈ្មោះតាមរយៈតំណភ្ជាប់https://drive.google.com/drive/folders/1UQnvjIqPWMjVb5eDUExKxeywuEY4LboL?usp=share_link ឱ្យបាននៅមុនថ្ងៃទី២៣ ខែសីហា រួចផ្ញើអ៊ីម៉ែលដោយភ្ជាប់ជាមួយវីដេអូទៅកាន់អ៊ីម៉ែល shortvideo@huanqiu.com។
ជុំវិញបញ្ហានេះ លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងទំនាក់ទំនងការទូតរួមមានវិស័យនានាទាំង សង្គម នយោបាយ សេដ្ឋកិច្ច វប្បធម៌ ជាដើម។
លោកថា ក្នុងការពង្រឹងទំនាក់ទំនងប្រទេស មិនត្រឹមតែពង្រឹងកម្រិតថ្នាក់ដឹកនាំនោះទេ គឺត្រូវពង្រឹងទាំងកម្រិតប្រជាជន និងប្រជាជន ដែលត្រូវមានសកម្មភាព ឬវេទិកានានាដើម្បីបង្កើតបរិយាសកាសលើកស្ទួយទំនាក់ទំនងទូតបាន តួយ៉ាងដូចជាការប្រកួតវីដេអូខ្លីនេះផង។
លោក ឈត ប៊ុនថង ថ្លែងថា ៖ «ការប្រកួតប្រជែងស្នាដៃសិល្បៈវប្បធម៌ បើតាមខ្ញុំដឹង ខាងស្ថានទូតចិននៅកម្ពុជាធ្លាប់បានធ្វើជាបន្តបន្ទាប់រួចហើយ ដែលឆ្នាំនេះយើងបានធ្វើទៀត។ ការប្រជែងស្នាដៃនេះជុំវិញទំនាក់ទំនងកម្ពុជា-ចិន នេះជាចំណែកមួយជួយពូនជ្រុំទំនាក់ទំនងប្រទេសទាំង២ ឱ្យនៅស្ថិតស្ថេរ និងជិតស្និទ្ធជាមួយគ្នាជានិច្ច ជាសកម្មភាពបង្ហាញពីទំនាក់ទំនងទ្វេភាគី ល្អប្រសើរ»។
លោកក៏បានថ្លែងកោតសរសើរដល់ស្ថានទូតចិនប្រចាំកម្ពុជាដែលរកនឹកបង្កើតកម្មវិធីបែបនេះ សម្រាប់ផ្តល់លទ្ធភាពឱ្យសាធារណជនបានចូលរួម ដែលជាយុទ្ធវិធីមួយក្នុងការជំរុញទំនាក់ទំនងប្រទេសទាំង២ ផង ហើយដោយឡែកស្ថានទូតកម្ពុជានៅចិនក៏អាចបង្កើតកម្មវិធីសិល្បៈ វប្បធម៌ ក្នុងន័យនេះដូចគ្នា។
សូមជម្រាបថា សម្រាប់អ្នកធ្លាប់បានចូលរួមប្រកួតស្នាដៃវីដេអូនៅក្នុងកម្មវិធីប្រកួតគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតលើកនេះម្តងទៀតបានឡើយ ហើយក្រោយការប្រកួត ស្នាដៃដែលត្រូវបានជ្រើសរើសនឹងត្រូវបានប្រើប្រាស់ផ្សព្វផ្សាយជាសាធារណៈ៕ ដោយ៖សំបាន ច័ន្ទដារ៉ា