ហ្សេលេនស្គី៖ ក្រិកនឹងបង្វឹកពីឡុតអ៊ុយក្រែនឱ្យបើកយន្តហោះចម្បាំង F-16
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ប្រទេសក្រិកនឹងចូលរួមក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ(ពីឡុត)របស់កងទ័ពអាកាសអ៊ុយក្រែនឱ្យបើកយន្តហោះចម្បាំង F-16 ។
ការផ្តល់ជូនរបស់ក្រិកក្នុងការបណ្តុះបណ្តាលពីឡុតអ៊ុយក្រែននេះ ធ្វើឡើងបន្ទាប់ពីប្រទេសដាណឺម៉ាក និងហូឡង់ បានប្រកាសថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះចម្បាំងធុន F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ដល់កងទ័ពអាកាសអ៊ុយក្រែន ដែលការណ៍នេះត្រូវបានគេមើលឃើញថាជាគន្លឹះយុទ្ធសាស្ត្រសម្រាប់កងទ័ពអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយកងទ័ពឈ្លានពានរុស្ស៊ី។
លោក ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅទីក្រុងអាថែនថា៖ «ថ្ងៃនេះ យើងសម្រេចបានលទ្ធផលសំខាន់សម្រាប់សម្ព័ន្ធអាកាសចរណ៍។ ប្រទេសក្រិក នឹងចូលរួមក្នុងការបណ្តុះបណ្តាលពីឡុតរបស់យើងឱ្យចេះប្រើយន្តហោះចម្បាំង F-16 ។ ខ្ញុំមានអំណរគុណ ចំពោះសំណើនេះ»។
គួរបញ្ជាក់ថា កងទ័ពអាកាសក្រិកភាគច្រើនមានយន្តហោះចម្បាំង F-16 ហើយពីឡុតក្រិក ត្រូវបានគេចាត់ទុកថាមានបទពិសោធន៍យ៉ាងខ្លាំង ក្នុងការប្រើប្រាស់យន្តហោះចម្បាំងធន់នេះ។
ទោះយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី មិនបានផ្តល់ព័ត៌មានលម្អិតអំពីកម្មវិធីបណ្តុះបណ្តាលពីឡុតអ៊ុយក្រែននោះទេ។ ប៉ុន្តែមន្ត្រីមកពីក្រុមសម្ព័ន្ធចម្រុះ១១ ប្រទេស ដែលជាសម្ព័ន្ធបង្ហាត់យោធាអ៊ុយក្រែនបើកយន្តហោះចម្បាំង បាននិយាយថា ការហ្វឹកហ្វឺនពីឡុតអ៊ុយក្រែនឱ្យបើកយន្តហោះចម្បាំង F-16 នឹងធ្វើឡើងក្នុងប្រទេសដាណឺម៉ាក និងរ៉ូម៉ានី។
ការហ្វឹកហាត់នឹងចាប់ផ្តើមនៅខែនេះ ជាមួយនឹងការរំពឹងទុកថា ពីឡុតអ៊ុយក្រែនអាចបើក F-16 ដំបូងគេ នឹងបញ្ចប់ការបណ្តុះបណ្តាលនៅដើមឆ្នាំ ២០២៤។
កាលពីព្រឹកថ្ងៃចន្ទផងដែរ លោក ហ្សេលេនស្គី បានថ្លែងថា ការសន្យាផ្ដល់ជំនួយយោធានូវយន្តហោះចម្បាំង F-16 ធ្វើឱ្យលោកមានទំនុកចិត្តថា អ៊ុយក្រែនអាចបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។
ចំណែករុស្ស៊ីបានព្រមាននាពេលកន្លងមកថា ការផ្តល់យន្តហោះ F-16 ដល់អ៊ុយក្រែន នឹងក្លាយជា «ហានិភ័យដ៏ធំ» ដែលអាចធ្វើឱ្យសង្រ្គាមកាន់តែធ្ងន់ធ្ងរទៅៗនៅអ៊ុយក្រែន។
ទោះបែបនេះក៏ដោយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Eindhoven នៅហូឡង់ជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte កាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី បានហៅការសម្រេចចិត្តបរិច្ចាគយន្តហោះចម្បាំងនេះថាជាប្រវត្តិសាស្ត្រ ប្រកបដោយអានុភាព និងការលើកទឹកចិត្តសម្រាប់អ៊ុយក្រែន៕ ប្រែសម្រួល៖ ហួន ឌីណា