គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលថ្មី នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្មី នាព្រឹកស្អែក

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៣សីហា បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១-ការប្រកាសឱ្យអនុវត្តនូវ“ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ«ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា “ក្រសួងអធិការកិច្ច»។

៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។

៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។

៥-បញ្ហាផ្សេងៗ ។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើផេកផ្លូវការ Dr. Hun Manet, Prime Minister of Cambodia រួមទាំងបណ្តាញនានារបស់បណ្តាញព័ត៌មាននានាផងដែរ។

គួររំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មីនេះ ។

សភាពគណៈរដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះ មានឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប មានទេសរដ្ឋមន្រ្តីចំនួន ២១រូប និងរដ្ឋមន្ត្រីប្រមាណ ៤០ក្រសួង-ស្ថាប័ន ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner