គ.ជ.ប. ផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីបោះឆ្នោតឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបញ្ជីបោះឆ្នោតឆ្នាំ២០១៩ ក្រោយពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ដែលមានចំនួនអ្នកបោះឆ្នោតសរុប ៨លាន៦សែន២ម៉ឺន៩ពាន់៣៥៧នាក់ ស្មើនឹងជិត៨៥% និងមានករិយាល័យ ២៣,៣៦៥។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី៣១ ខែកក្កដា ២០១៩ ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា គោលដៅ និងប្រព័ន្ធនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវបានកំណត់ឡើង ដើម្បីឱ្យការរៀបចំបញ្ជីបោះឆ្នោតធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព និងដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ដែលបំពេញលក្ខខណ្ឌស្របតាមមាត្រា៥៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

ឯកឧត្ដមបន្ដថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ មានដំណាក់កាល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។ គ.ជ.ប. បានរៀបចំការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ហើយប្រតិបត្តិការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ បានចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា និងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដែលមាន រយៈពេល២២ថ្ងៃ។ ឯកឧត្ដមបានបញ្ជាក់ថា ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ដែលមានចំនួនអ្នកបោះឆ្នោតសរុប ៨លាន៦សែន២ម៉ឺន៩ពាន់៣៥៧នាក់ ស្មើនឹងជិត៨៥% និងមានការិយាល័យ ២៣,៣៦៥។

នៅពេលដែលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ ត្រូវបានដោះស្រាយចប់ជាស្ថាពរ គ.ជ.ប. ត្រូវ  ផ្តល់សុពលភាពជាបញ្ជីបោះឆ្នោតផ្លូវការ ហើយត្រូវបោះពុម្ព និងចាត់បញ្ជូនបញ្ជីបោះឆ្នោតផ្លូវការទៅលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) ១ច្បាប់ និងសាលាឃុំ សង្កាត់១ច្បាប់ ដើម្បីរក្សាទុកជាឯកសារផ្លូវការ។

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិស្នើសុំពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតនេះបាន នៅតាមសាលាឃុំ សង្កាត់ ឬនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ឬពិនិត្យតាមគេហទំព័ររបស់ គ.ជ.ប. ដែលមានអាសយដ្ឋាន www.voterlist.org.kh ឬចូលរកតាមកម្មវិធីទូរសព្ទ (App) Voterlist KH៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner