អាជ្ញាធរជាតិអប្សរាប្រកាសផ្អាកចរាចរបណ្តោះអាសន្ន នៅកំណាត់ផ្លូវកូម៉ៃចាប់ពីថ្ងៃទី២៩ ខែសីហា រហូតដល់ចប់ការងារ
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានប្រកាសផ្អាកចរាចរចំពោះយានជំនិះគ្រប់ប្រភេទជាបណ្តោះអាសន្ននៅកំណាត់ផ្លូវចាប់ពីចំណុចផ្លូវបំបែកវិថីព្រះនរោត្ដមសីហមុនី (ផ្លូវកូម៉ៃ) រហូតដល់កងកសិន្ទុ ប្រាសាទអង្គរវត្តទិសនិរតី ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ចប់ការងារជាស្ថាពរ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជម្រាបដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន។
សេចក្តីជូនដំណឹងបានលើកឡើងថា ៖ «ការផ្អាកចរាចរបណ្តោះអាសន្ននេះ ក្នុងគោលបំណងអនុវត្តគម្រោងលើកតម្លៃបារាយណ៍យសោធរ ស្តារប្រព័ន្ធធារាសាស្ត្របុរាណនា សម័យអង្គរ និងរៀបចំប្រព័ន្ធរំដោះទឹកជំនន់ប៉ែកខាងត្បូងប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ចប់ការងារជាស្ថាពរ ប៉ុន្តែអំឡុងពេលអនុវត្តគម្រោងនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋអាចចរាចរលើផ្លូវជុំវិញនោះបានជាធម្មតា»។
អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល នៅថ្ងៃទី២៣ ខែសីហាបានប្រាប់ឱ្យដឹងបន្ថែមថា ការប្រកាសផ្អាកចរាចរបណ្តោះអាសន្ននៅកំណាត់ផ្លូវនេះ ធ្វើឡើងក្នុងគោលបំណង ឱ្យក្រុមការងារអាជ្ញាធរជាតិអប្សរារៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅតំបន់នោះឱ្យល្អប្រសើរឡើងវិញ និងជាកិច្ចការងារដ៏សំខាន់មួយសម្រាប់ធ្វើកែសម្រួលទេសភាពតំបន់នេះ ឱ្យមានភាពទាក់ទាញបន្ថែមទៀត និងត្រឹមត្រូវជាពិសេសបញ្ជៀសនូវបញ្ហាផ្សេងៗ។
លោកបានថ្លែងថា ៖ «មួយរយៈកាលនេះ យើងឃើញថា បងប្អូនប្រជាពលរដ្ឋបានអញ្ជើញចាកចេញដោយស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក៏ដូចជាតំបន់ពាក់ស្នែង ហើយបន្ទាប់ពីគាត់ចាកចេញទៅ យើងបានរៀបចំដីឱ្យបានស្អាត ហើយយើងក៏មានការរៀបចំដាំដើមឈើ និងដាំស្មៅ ដើម្បីបង្កើនភាពបៃតង នៅតំបន់ជំវិញទីកន្លែងហ្នឹងដែរ»។
លោក ឡុង កុសល បានបន្ថែមទៀតថា អ្វីដែលសំខាន់មួយទៀត គឺក្រុមការងារអាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រព័ន្ធលូបង្ហូរទឹក ភ្លៀងឱ្យមានរបៀបរៀបរយ ដើម្បីកុំឱ្យទឹកនៅដក់ជាប់ពេញទីតាំងនោះទៀត។
ទោះជាយ៉ាងណា តំបន់នោះ ក៏មានផ្លូវខ្វាត់ខ្វែងដែលអាចរៀបចំឱ្យពលរដ្ឋ ភ្ញៀវទេសចរ និងសាធារណជន អាចធ្វើដំណើរបានបណ្តោះសន្នក្នុងរយៈពេលនៃការជួសជុលនេះ រហូតដល់ចប់ជាស្ថាពរ។
សូមបញ្ជាក់ដែរថា ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបន្តយកចិត្តទុកដាក់លើការងារជួសជុល ការស្តារហេដ្ឋារចនាពាក់ព័ន្ធនានាក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទអង្គរដើម្បីលើកសម្រស់ប្រាសាទកេរតំណែលខ្មែរ និងជាការទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តកាន់តែច្រើន។
ជាក់ស្តែង ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។
តាមរយៈអាជ្ញាធរជាតិអប្សរា លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្តនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកឡើងថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ៕ដោយ៖គឹម យុត្ថារ៉ូ

