ស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner ស្ថិតក្នុងបញ្ជីជាអ្នកដំណើរនៃយន្តហោះដែលបានធ្លាក់ក្នុងតំបន់ Tver របស់រុស្ស៊ី
មូស្គូ៖ ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសបានបើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះ Embraer ក្នុងតំបន់ Tver កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយទីភ្នាក់ងារនេះបាននិយាយកត់សម្គាល់ថា លោក Yevgeny Prigozhin ស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner (PMC) ស្ថិតក្នុងចំណោមអ្នកដំណើរ។
ទីភ្នាក់ងារនេះបានកត់សម្គាល់ថា «ការស៊ើបអង្កេតលើការធ្លាក់យន្តហោះ Embraer ដែលបានកើតឡើងនៅក្នុងតំបន់ Tver នៅល្ងាចនេះ ត្រូវបានចាប់ផ្តើម។ យោងតាមបញ្ជីអ្នកដំណើរ ទាំងឈ្មោះ និងនាមត្រកូលរបស់ Yevgeny Prigozhin ត្រូវបានបញ្ចូលក្នុងបញ្ជីនេះ» ។
យន្តហោះពាណិជ្ជកម្ម Embraer បានធ្លាក់នៅតំបន់ Tver ជិតកន្លែងតាំងទីលំនៅរបស់ Kuzhenkino កាលពីថ្ងៃទី២៣ ខែសីហា។ យោងតាមទិន្នន័យបឋម មនុស្សទាំង១០នាក់ដែលជិះលើយន្តហោះបានស្លាប់។
យន្តហោះមួយគ្រឿងនេះប៉ុនប៉ងធ្វើដំណើរ ពីអាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ ទៅកាន់ទីក្រុង St. Petersburg។
យ៉ាងណាក៏ដោយ ការស៊ើបអង្កេតលើការធ្លាក់យន្តហោះ Embraer ដែលបានកើតឡើងនៅក្នុងតំបន់ Tver បាននិងកំពុងធ្វើបន្តទៀត៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត
