ជប៉ុនចាប់ផ្តើមបញ្ចេញទឹកផ្ទុកសារធាតុវិទ្យុសកម្ម ពីរោងចក្រ Fukushima
តូក្យូ៖ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកពីស្ថានីយថាមពលនុយក្លេអ៊ែរ Fukushima ដែលបានរងការខូចខាតអំលុងមហន្តរាយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រហើយ។
ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា បានចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ Fukushima-Daiichi ជារោងចក្រដែលរងការខូចខាតអំលុងមហន្តរាយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ឆ្នាំ២០១១ នេះបើតាមវីដេអូដែលផ្សាយប្រតិបត្តិកររបស់ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ ហៅកាត់ថា TEPCO ។
មន្ត្រី TEPCO បាននិយាយតាមរយៈតំណភ្ជាប់វីដេអូពីគេហទំព័រទូលំទូលាយ នៅឯទីស្នាក់ការកណ្តាលទីក្រុងតូក្យូរបស់ក្រុមហ៊ុនថា «ឥឡូវនេះ សន្ទះបិទបើកនៅជិតស្នប់ដឹកជញ្ជូនទឹកសមុទ្រ កំពុងបើក»។
ទិដ្ឋភាពនៃឆ្នេរសមុទ្រ នៅជិតរោងចក្រ Fukushima-Daiichi នៅពេលដែលប្រទេសជប៉ុនចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរដែលខូចនោះ ត្រូវបានបង្ហាញ។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជប៉ុនបានអះអាងថា ខ្លួនទទួលបានការយោគយល់ពីឧស្សាហកម្មនេសាទជប៉ុន ជុំវិញការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ ប៉ុន្តែសមាគមនេសាទមួយចំនួន នៅតែមានក្តីបារម្ភថា ទង្វើនេះនឹងធ្វើឱ្យខូចមុខមាត់នៃផលិតផលនេសាទរបស់ប្រទេសជប៉ុន។ អង្គការអាតូមិចអន្តរជាតិ IAEA ធ្លាប់បាននិយាយថា សកម្មភាពនេះត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ហើយផលប៉ះពាល់ដែលអាចកើតមាន ចំពោះមនុស្សនិងបរិស្ថាន គឺតិចតួចបំផុត។
យ៉ាងណាក្តី ប្រទេសជិតខាងមួយចំនួនរបស់ជប៉ុន ក៏បានបង្ហាញក្តីបារម្ភនិងបញ្ចេញមតិរិះគន់ ជុំវិញសុវត្ថិភាពនៃការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ទីក្រុងតូក្យូផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត