ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងត្រូវរៀបចំឡើងវិញ ដោយពង្រីកសមាសភាពចូលរួមច្រើនជាងមុន

(ភ្នំពេញ) ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងត្រូវរៀបចំជាថ្មីឡើងវិញ ដោយគ្រោងពង្រីកសមាសភាពចូលរួមច្រើនជាងមុន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ដោយប្រកាសរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ ដោយពង្រីកសមាសភាពចូលរួមច្រើនជាងមុន។ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នឹងមានការចូលរួមមកពីគ្រប់គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោត និងអាចបន្ថែមគ្រប់គណបក្ស ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ។

ជាមួយគ្នានេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកឧត្តមក្រុមប្រឹក្សាមួយនេះ ត្រូវចែកជា ២ប្រភេទ ដោយប្រភេទទី១ គឺជាសមាជិកគណបក្សស្ថាបនិក ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងបានចុះឈ្មោះចូលរួមជាសមាជិកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន និងទី២-សមាជិកធម្មតា ដែលបានស្នើសុំចូលជាសមាសភាពយន្តការនេះ នៅពេលក្រោយ ។ ចំពោះសមាជិកគណបក្សនយោបាយស្ថាបនិក នឹងបានទទួលនូវបុព្វសិទ្ធិច្រើនជាមុន ពោល គឺប្រតិភូមានរហូតដល់ ៣រូប ក្នុងនោះប្រធានប្រតិភូមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី អនុប្រធានប្រតិភូមានឋានៈស្មើនឹងរដ្ឋមន្រ្តី ហើយសមាជិកមានឋានៈស្មើនឹងរដ្ឋលេខាធិការ ព្រមទាំងអនុញ្ញាតឲ្យប្រធានប្រតិភូមានជំនួយការ២នាក់ផងដែរ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កិច្ចការងាររៀបចំថ្មីនេះ គឺពង្រីកវិសាលភាពនៃការចូលរួម ដើម្បីធានានូវភាពរស់រវើក និងបរិយាបន្ន សម្រាប់គ្រប់គណបក្សនយោបាយដែលមានបំណងចូលរួម នៅក្នុងការ ផ្តល់យោបល់ និងពិគ្រោះយោបល់ដល់រាជរដ្ឋាភិបាល។

សូមរំលឹកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្កើតឡើងដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៨ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិ អាណត្តិទី៦ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ ហួត ,សិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner