នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥
(ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនា៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥ ។
ឯកឧត្តម នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទិ១ មានដូចជា៖
បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ចំពោះគោលដៅយុទ្ធសាស្ត្រ៥វិញ រួមមាន៖

ទី១.ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយភាពធន់នឹងវិបត្តិនានា ។
ទី២.បង្កើតការងារឲ្យបានកាន់តែច្រើន តាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន ។
ទី៣.សម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០ភាគរយ និងបន្តខិតខំទាញទម្លាក់អត្រាភាពក្រីក្រ ឲ្យស្ថិតនៅក្នុងកម្រិតអប្បបរមា ។
ទី៤.បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម ។
ទី៥.ធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា ជាមួយនឹងបាវចនា៥ និងគោលដៅយុទ្ធសាស្ត្រ៥ ដូចបានគូសរំលេចខាងលើ, រាជរដ្ឋាភិបាល បានសម្រេចកំណត់នូវ អាទិភាពគន្លឹះ៥ សម្រាប់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវបានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រ នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ ហួត ,សិដ្ឋ