ឯកឧត្តម ឌិត ទីណា បន្តជំរុញគោលនយោបាយវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលថ្មី
ភ្នំពេញ៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ ដោយ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមន្ត្រីរាជការក្រោមឱវាទ នាទីស្តីការក្រសួង ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការអបអរសាទររដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ និងបានចាប់ផ្តើមពិភាក្សា ជំរុញគោលនយោបាយវិស័យកសិកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ចំណុចយុទ្ធសាស្ត្រចំនួន២ ដែលទាក់ទងនឹងវិស័យកសិកម្ម គឺការដាក់ចេញនូវយន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្មរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ប្រការចាំបាច់គឺត្រូវក្តាប់ស្ថានភាពកសិកម្មឱ្យបានច្បាស់លាស់តាមជំហាននៃគោលនយោបាយ ដោយក្នុងនោះឆ្នាំ២០២៧ ត្រូវមានភាពម្ចាស់ការនិងលទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សាស្ថិរភាពតម្លៃនៅទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ត្រូវមានយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចប្រទេសឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ដោយឡែកការការពារធនធានធម្មជាតិ ក៏ជាការងារចាំបាច់ដែលត្រូវយកចិត្តទុកដាក់ការពារឱ្យបានល្អបំផុត ទាំងអនុវិស័យជលផល ព្រៃឈើ ដីសម្បទាន និងសត្វព្រៃ ព្រមទាំងសត្វផ្សោតដែលជារតនសម្បត្តិជាតិ ដើម្បីនិរន្តរភាពបរិស្ថាន និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ៕
ប្រភព៖ក្រសួងកសិកម្ម




