អាជ្ញាធរមីនកម្ពុជា សុំឱ្យឲ្យសហគមន៍អ៊ឺរ៉ុប ជួយ សកម្មភាពបញ្រ្ជាបយែនឌ័រ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើការស្នើសុំបន្ថែមឲ្យសហគមន៍អ៊ឺរ៉ុប ជួយដល់អាជ្ញាធរមីន ក្នុងការអនុវត្តសកម្មភាពបញ្រ្ជាបយែនឌ័រក្នុងវិស័យសកម្មភាពមីន និងការសិក្សាអំពីគុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលរហូតមកដល់ពេលនេះអាជ្ញាធរមីន បានបញ្ជប់ការសិក្សាវាយតម្លៃបានជាង ១០០០០នាក់រួចមកហើយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងបែបនេះ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ខណៈអនុញ្ញាតឲ្យ លោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា មុននឹងចប់បេសកកម្មការទូតនៅកម្ពុជា ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ សហគមន៍អ៊ឺរ៉ុប ដែលបានក្លាយជាផ្នែកមួយដល់ដំណើរការ នៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិកនៃសហគមន៍អ៊ឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សហគមន៍អ៊ឺរ៉ុបតាមរយៈគម្រោងសកលរបស់សហភាពអឺរ៉ុប ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ» លើកទី៣ គ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ ក្រោមកិច្ចសហការជាមួយ ISU-APMBC និងមានគណៈប្រតិភូប្រមាណជាង ៤០ ប្រទេសចូលរួមផងដែរ ៕

ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner