អាជ្ញាធរថៃ នឹងសម្រួលដោះលែងពលរដ្ឋខ្មែរដែលធ្វើការខុសច្បាប់ចំនួនប្រាំនាក់ ឱ្យវិលកម្ពុជាវិញនៅសប្ដាហ៍ក្រោយ
ភ្នំពេញ៖ អាជ្ញាធរថៃនឹងសម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួនប្រាំនាក់ដែលធ្វើការខុសច្បាប់នៅប្រទេសថៃឱ្យវិលមកកម្ពុជាវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា អាជ្ញាធរថៃកាលពីថ្ងៃទី១៩ ខែសីហាកន្លងទៅបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួនប្រាំនាក់ដែលកំពុងប្រកបរបររកស៊ីដែលច្បាប់ប្រទេសថៃហាមឃាត់។ ភ្លាមៗនោះ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានឱ្យអនុព័ន្ធការងារចេញទៅដោះសា្រយនិងសប្រសម្រួលនិងស្វែងយល់ពីបញ្ហាដើម្បីស្វែងរកការដោះស្រាយ។
អនុព័ន្ធការងារប្រចាំស្ថានទូតកម្ពុជានៅថៃលោក ឈឹម វិបុល បានប្រាប់អ្នកសារព័ត៌មានថា ក្រោមការសម្របសម្រួលដ៏ជិតស្និទរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំង៥រូបអាចវិលមកកាន់កម្ពុជានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ។
ទន្ទឹមនឹងនេះលោក ឈឹម វិបុល បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចង់ធ្វើនៅប្រទេសសូមចូលធ្វើជាពលករស្របច្បាប់ទៅតាមទីភ្នាក់ងារក្រុមហ៊ុនដែលក្រសួងការងារទទួលស្គាល់ជាផ្លូវការ ព្រោះការធ្វើការដោយមិនស្របច្បាប់មានភាពប្រថុយប្រថាននិងគ្រោះថ្នាក់និងបាត់បង់អត្ថប្រយោជន៍។
លោកបញ្ជាក់ថា៖«ផ្ទុយមកវិញការបម្រើការងារស្របច្បាប់វិញមិនធ្វើឱ្យពលរដ្ឋខ្មែរមានហានិភ័យការងារ ថែមទាំងទទួលបានអត្ថប្រយោជន៍ពីប្រទេសជាដៃគូផងដែរ។ សម្រាប់ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយកន្តើយចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាឡើយ»។
បន្ថែមមពីនេះ អនុព័ន្ធការងារកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅបរទេសដោយស្របច្បាប់ និងសុវត្តិភាពការងារ ព្រមទាំងទទួលអត្ថប្រយោជន៍ផ្សេងៗស្របទៅតាមច្បាប់នៅប្រទេស ពលរដ្ឋខ្មែរអាចចុះឈ្មោះទៅធ្វើការតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕ ដោយ៖ សុខ រក្សា

