ឯកឧត្តម មាស សុភ័ណ្ឌ ត្រូវបានចាត់តាំងជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ អតីតអ្នកនាំពាក្យក្រសួងព័ត៌មានធ្វើជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ដើម្បីសម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តីនិងទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ និងធ្វើសេចក្តីថ្លែងការណ៍នានា។
សេចក្តីសម្រេចស្តីពីការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។

តាមរយៈសេចក្តីសម្រេចនេះ ត្រូវបានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។
សេចក្តីសម្រេចបញ្ជាក់ថា៖«ការតែងតាំង និងការផ្លាស់ប្តូរសមាសភាពនៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាម ការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន»។
ប្រភពដដែលបន្តទៀតថា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី មានភារកិច្ច សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្តី,ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី។ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី, ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី, រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀតអំពី ព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយករដ្ឋមន្ត្រី។
បើតាមសេចក្តីសម្រេចនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួន ក្នុងកញ្ចប់ថវិកា របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។
សេចក្តីសម្រេចខាងលើបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តី សម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ ដោយ៖ សុខ រក្សា

