រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្មី សន្យាបន្តដឹកនាំថែរក្សា ក្រុមគ្រួសារពាណិជ្ជកម្មជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសន្យាបន្តដឹកនាំថែរក្សា «ក្រុមគ្រួសារពាណិជ្ជកម្មជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ មានសំឡេងតែមួយ» នៅលើគ្រប់សមរភូមិពាណិជ្ជកម្ម ទោះត្រជាក់ ទោះក្តៅ ទោះសមរភូមិធំឬតូច ក្រោមការដឹកនាំឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ការសន្យារបស់លោកជំទាវរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងនៅពិធីថ្លែងអំណរគុណ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

លោកជំទាវបានថ្លែងអំណរគុណ និងសម្តែងការអបអរសាទរដ៏ស្មោះស្ម័គ្រជូនចំពោះឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងទទួលយកគំរូវីរភាពតាមរយៈស្នាដៃ និងសមិទ្ធផល ដែលសម្រេចបានក្នុងអាណត្តិកន្លងមក ដែលសមិទ្ធផលទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះ និងផែនទីបង្ហាញផ្លូវដ៏រឹងមាំ សម្រាប់ក្រសួងពាណិជ្ជកម្ម យកទៅត្រងត្រាប់និងអនុវត្តបន្ត ដើម្បីអាចសម្រេចបាននូវសមិទ្ធផលធំៗថ្មីបន្ថែមទៀតជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

នាឱកាសនោះដែរឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម ព្រមទាំងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលបានរួមចំណែកសម្រេចបាននូវជោគជ័យទាំងនេះ នាអាណត្តិរាជរដ្ឋាភិបាលកម្ពុជាកន្លងមក។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងកោតសរសើរ លើការខិតខំលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃបរិយាកាសធុរកិច្ច ព្រមទាំងបានរំលេចនូវស្នាដៃការងារនិងសមិទ្ធផលសំខាន់ៗមួយចំនួនក្នុងវិស័យពាណិជ្ជកម្ម ដែលសម្រេចបានក្នុងអាណត្តិកន្លងទៅ រួមទាំងយន្តការវិមជ្ឈការការងារទៅឱ្យមន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែនផងដែរ។

លោកជំទាវ ចម និម្មល ដែលត្រូវបានគេស្គាល់ថាគឺជាតំណាងរាស្ត្រស្រ្តីដែលមានវ័យក្មេងជាងគេក្នុងចំណោមឥស្សរជនស្ត្រីផ្សេងទៀត ដែលបានជាប់ជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧នេះ៕ ដោយ៖ វណ្ណ សុជាតា

ads banner