រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំទីតាំងសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដាក់លក់ផលិតផលរបស់ខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖សាលារាជធានីនឹងរៀបចំទីតាំងសម្រាប់ជូនដល់សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដាក់តាំងលក់ផលិតផលរបស់ខ្មែរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នាខែវិច្ឆិកាខាងមុខនេះ។បន្ទាប់ពីអាក់ខានចំនួនបីឆ្នាំជាប់ៗគ្នា ឆ្នាំនេះរាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យនេះឱ្យបានធំដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាជនផងដែរ។
នៅក្នុងសិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទជំងឺកូវីដ១៩ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងដោយសារតែពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ ត្រូវបានអាក់ខានរយ:ពេលបីឆ្នាំមកហើយ ដូច្នេះឆ្នាំនេះរាជរដ្ឋាភិបាល នឹងរៀបចំឱ្យមានអធិកអធមជាងពេលកន្លងទៅ ថែមជួយរៀបចំទីតាំងល្អ សម្រាប់ឱ្យប្រជាពលរដ្ឋ ដែលជាអ្នកលក់ផលិតផលក្នុងស្រុក អាចដាក់លក់ផលិតផលរបស់ខ្លួនបានដោយងាយស្រួលផងដែរ។
លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកន្លែងសម្រាប់ការតាំងលក់ ទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្មែរ បង្ហាញទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឱ្យមានស្តង់ដារអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន ។
សូមជម្រាបជូនថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦, ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ៕
ដោយ៖ វណ្ណ សុជាតា

