គ.ជ.ប ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីជាង ៣០០០ នាក់ សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នៅតាមឃុំ សង្កាត់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ប្រកាសជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៣ ៣០៤ នាក់ ជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ 

យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣  បញ្ជាក់ថា ការជ្រើសរើសនេះ  ដោយក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន២រូប ដែលមានមុខតំណែង ជាប្រធានក្រុមចុះឈ្មោះបោះឆ្នោត ១ រូប  និង សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ ចំនួន ១ រូប។

បើតាម គ.ជ.ប   សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ អាច មកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ សង្កាត់ ឬ/និងទីសាធារណៈក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ លធ.ខប ពាក់ព័ន្ធ។

ជាមួយគ្នានេះបេក្ខជនដែលមានចំណាប់អារម្មណ៍ក៏ អាចទាញយកពាក្យសុំប្រឡង ចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬ QR Code ។ ដោយឡែក ការចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ( វេលាម៉ោង ៧:០០ នាទីព្រឹក) ។  ការឈប់ទទួលពាក្យ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)។
ចំពោះ ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត។ ជាមួយគ្នានេះ ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមមណ្ឌលប្រមូលផ្តុំ ក្រុង ស្រុក ខណ្ឌ ។

លក្ខខណ្ឌបច្ចេកទេសដែលទាមទារ ដើម្បីបំពេញការងារជាក់លាក់មួយចំនួន គឺត្រូវចេះអាន និងសរសេរអក្សរខ្មែរច្បាស់លាស់ មានចំណេះដឹងប្រហាក់ប្រហែល ដែលទាក់ទងជាមួយមុខតំណែង មានការយល់ដឹង ឬ/និងចេះប្រើប្រាស់កុំព្យូទ័រកាន់តែប្រសើរចំពោះមុខតំណែងជាសមាជិក ក.ច.ប ដែលជាការីកុំព្យូទ័រ ត្រូវមានការយល់ដឹង និងចេះប្រើប្រាស់ កុំព្យូទ័រ និងប្រព័ន្ធអ៊ីនធឺណិតជាចាំបាច់។

តួនាទី និងភារកិច្ចរួមរបស់ ក.ច.ប ប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត និងមិនលម្អៀងក្នុងពេលបំពេញការងារ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត យល់ដឹងច្បាស់លាស់ និងចេះម្ចាស់ការបានលើរាល់នីតិវិធីពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ចាត់វិធានការចាំបាច់នានា ដើម្បីធានាឱ្យជនគ្រប់រូបបានចូលរួមប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុង ឃុំ សង្កាត់ដែលខ្លួនទទួលខុសត្រូវ សំដៅធ្វើឱ្យដំណើរការនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

ប្រាក់កម្រៃសម្រាប់ប្រធាន ក.ច.ប  ក្នុងមួយខែទទួលបាន ១.៣០០.០០០ រៀល និងសមាជិក ក.ច.ប ប្រាក់កម្រៃក្នុងមួយខែទទួលបាន ១.២០០.០០០ រៀល។

អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner