ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បង្ហាញនូវជំហរដ៏មុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបន្ថែមទៀតជាមួយ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា
(ភ្នំពេញ)៖ ទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានបង្ហាញនូវជំហរដ៏មុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ជាពិសេស ជាមួយ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ។
ការអបអរសាទររបស់លោកជំទាវ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ ក្នុងឱកាសដែលត្រូវបានអនុញាតិឱ្យចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ។

នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជោគជ័យជាច្រើន កន្លងមករបស់កម្ពុជា តាមរយៈការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គមដ៏មានប្រសិទ្ធភាព និងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ប្រកបដោយមោទនភាព។
ជាកិច្ចឆ្លើយតប, ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ របស់លោកជំទាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តម ក៏បានលើកឡើងអំពីនិរន្តរភាព នៃគោលនយោបាយ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុត ទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។
ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យសហភាពអឺរ៉ុប បន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុ ឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា ឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគោរពជម្រាបជូន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ថា លោកជំទាវ នឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរ បង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត ៕

អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ