ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ប្ដេជ្ញាខិតខំប្រឹងប្រែងបម្រើ ប្រជាពលរដ្ឋដោយភក្ដីភាព និងតម្លាភាព

(ភ្នំពេញ)៖ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានប្រកាសឱ្យចូលកាន់តំណែង ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក្រោយទទួលបានអនុក្រឹត្យ និងត្រាជាស្នងការនគរបាលរាជធានីភ្នំពេញភ្លាម ក៏បានប្ដេជ្ញាចិត្តពោរពេញទៅដោយភាពជឿជាក់ និងម៉ឺងម៉ាត់ ក្នុងតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ដើម្បីតបស្នងសងគុណចំពោះថ្នាក់ដឹកនាំ គ្រប់ថ្នាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សូមធ្វើការប្ដេជ្ញាចិត្ត ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ចំពោះតួនាទីរបស់លោក ចំនួន ៧ចំណុច មានដូចខាងក្រោម៖

ទី១៖ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ

ទី២៖ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យ បានសម្រេចជោគជ័យនូវគ្រប់កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាពិសេសរក្សាការពារឲ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលខិតខំកសាងតាំងពីបាតដៃទទេរ រហូតមកទល់បច្ចុប្បន្ន និងទៅថ្ងៃអនាគត

ទី៣៖ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា និងគោលការណ៍នានារបស់ថ្នាក់ ដឹកនាំគ្រប់ថ្នាក់ ជាពិសេសបទបញ្ជា ០០៦ របស់កងកម្លាំងនគរបាលជាតិ

ទី៤៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខ រួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ ខិតខំលើកកម្ពស់គុណភាពមន្រ្តី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ

ទី៥៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងសមិទ្ធផលនានាចំណុះស្នងការដ្ឋាន ឲ្យស័ក្តិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប

ទី៦៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាបណ្តាខេត្តជាប់ព្រំប្រទល់ ដើម្បីការពារធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

ទី៧ លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយខិតខំជំរុញ ការផ្តល់សេវាតម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋដោយភក្តីភាព និងមាន តម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner