ព្រឹត្តិការណ៍ ប្រណាំងម៉ូតូ ហនុមាន អែនឌូរ៉ូ ឆាលែង ស៊េរី 2023 ជុំទី២ បានបញ្ចប់ដោយ ជោគជ័យ
(កំពត)៖ ការប្រណាំងម៉ូតូ ហនុមាន អែនឌូរ៉ូ ឆាលែងស៊េរី 2023 (ENDURO Challenge) ជុំទី២ បានបញ្ចប់ដោយជោគជ័យ កាលពីរសៀល ថ្ងៃអាទិត្យ ទី២៧ ខែសីហា បន្ទាប់ពីដំណើរការប្រកួត យ៉ាងស្វិត ស្វាញ រយៈពេល២ថ្ងៃ នៅទីលានប្រណាំង នាតំបន់ភ្នំ ស្រុកទឹកឈូរ ខេត្តកំពត ដោយទទួលបានការសារទរ យ៉ាងខ្លាំងក្លាពីមហាជន ខណៈមានការចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ជិត២០០នាក់ ប្រណាំងលើ២វិញ្ញាសា គឺវិញ្ញាសា ឡើងភ្នំ (King of The Hill) និងវិញ្ញាសា អ៊ែនឌូរ៉ូ (ENDORO) ដោយចែកជា៧ Class ។ ដោយមានការគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ក្រោមការឧបត្ថម្ភធំ ពី ក្រុមហ៊ុនស្រាបៀរហនុមាន Top1 និង ដៃគូឧបត្ថម្ភ ផ្សេងទៀត។

លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្ដកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតប្រណាំងនេះ រៀបចំយ៉ាងតិច៣ដងក្នុង១ឆ្នាំ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនីប្រកួតបានច្រើន ដុសខាតិសមត្ថភាព នឹងស្គាល់កាន់តែច្បាស់ពីបច្ចេកទេសក្នុងការប្រើប្រាស់ម៉ូតូ និងការប្រណាំងផងដែរ ព្រោះថាផ្លូវប្រណាំងអ៊ីនឌូរ៉ូនេះ មានឧបសគ្គច្រើន ដូចជា ឡើងទួល ខ្ពស់ ចុះជម្រាល ភ្នំ ឆ្លងកាត់ទឹកជាដើម។ ចំពោះបច្ចេកទេសក្នុងការប្រណាំងវិញ លោក អគ្គលេខាធិការរង បានកត់សម្គាល់ឃើញថា កីឡាករក្នុងកម្រឹតនិមួយៗមានការយល់ដឹងច្រើនដោយ បញ្ជាម៉ូតូ បានយ៉ាងស្ទាត់ជំនាញ ឆ្លងកាត់ឧបសគ្គ ។

លោក ខៃ វណ្ណៈ បានឲ្យដឹងដែរថា ការប្រណាំងនៅជុំទី២នេះ មានការចូលរួមពីកីឡាករបរទេសច្រើន ដែលកីឡាករបរទេស ១ចំនួន ធ្វើការរស់នៅ ក្នុងប្រទេសកម្ពុជា និង១ចំនួនទៀត មកពីក្រៅប្រទេស ។ ជាក់ស្ដែង កីឡាការ ជនជាតិអង់គ្លេស១រូប ដែលឈ្នះ ជើងឯក ក្នុងការប្រកួត នៅទីក្រុងហាណូយ ប្រទេស វៀតណាម នាពេលថ្មីៗនេះ ក៏បានចូលរួមក្នុង ព្រឹត្តិការណ៍នេះដែរ។

សូមជម្រាបជូនថាព្រឹត្តិការណ៍ ប្រណាំងម៉ូតូ ហនុមាន អែនឌូរ៉ូ ឆាលែង ស៊េរី 2023 នេះ ធ្វើឡើងចំនួន៣ជុំ គឺ ជុំទីគឺធ្វើនៅខ្នងភ្នំគិរីរម្យ កាលពីខែមិនា និងជុំទី២នេះ នៅខេត្តកំពត និងជុំទី៣ ដែលជាជុំផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនាខែវិច្ឆិកា នៅភ្នំបាសិត ក្នុងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។ សម្រាប់ការប្រកួតជុំទី៣នេះ លោកអគ្គលេខាធិការរង រំពឹងថា នឹងមានកីឡាករកីឡាការិនី ចូលរួមកាន់តែច្រើនថែមទៀត ដើម្បីរួមចំណែកបំផុសលើកស្ទួយ អភិវឌ្ឍវិស័យប្រណាំងម៉ូតូ នៅកម្ពុជាឲ្យកាន់តែរីកចំរើន ពិសេសគឺការរួមចំណែកបំផុសការបើកបរនៅលើដងផ្លូវឲ្យគោរពច្បាប់ចរាចរណ៍។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផល លើវិញ្ញាសាអ៊ែនឌូរ៉ូ Class C ចំណាត់ថ្នាក់លេខ១ ។ Class B លេខ១ កីឡាករ កែវ គីមហ៊ួរ ។ ចំណែក Class A ដែលជាកីឡាករ ជំនាញកំរឹតខ្ពស់ លេខ៣ បានទៅ កីឡាករ តក់ , លេខ២ កីឡាករ ស្ពៀល ប៊ែនចាមីន អាយឌែន ជនជាតិអង់គ្លេស មកពីវៀតណាម និង លេខ១ បានទៅកីឡាករ ជា លីឃាង ៕

ចាន់ វិចិត្រ