ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំអនុវត្តន៍ពង្រឹងគុណភាពដល់មន្ត្រីជំនាញ និងចែកថ្នាំវ៉ាក់សាំងការពារជំងឺសត្វ
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានហាមដាច់ខាតមន្ត្រីពេទ្យសត្វ ក្នុងខេត្តទាំងអស់ យកថ្នាំហួសសុពលភាព ឬថ្នាំដែលមិនបានដុកដាក់ក្នុងកម្រិតសីតុណ្ហភាពត្រឹមត្រូវតាមកំណត់ ទៅចាក់លើសត្វរបស់ប្រជាពលរដ្ឋជាដាច់ខាត។ មានប្រសាសន៍បែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងចែកថ្នាំវ៉ាក់សាំងការពារជំងឺសត្វគ្រប់ប្រភេទដល់មន្ត្រីការិយាល័យបសុព្យាបាលស្រុក-ក្រុងទាំង៨ ក្នុងខេត្ត នៅការិយាល័យប្រតិកម្មបសុព្យាបាលខេត្តកំពង់ឆ្នាំង។
លោកបានបញ្ជាក់ថា បច្ចុប្បន្នដោយសារតែជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតឡើងគួរឲ្យព្រួយបារម្ភ នៅតាមព្រំប្រទល់ជាប់នឹងប្រទេសជិតខាង ក្នុងនោះមានខេត្តចំនួន៥ បានឆ្លងជំងឺនេះរួចមកហើយ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានយកចិតទុកដាក់ជាខ្លាំង ដោយបានផ្សព្វផ្សាយឲ្យគ្រប់បណ្តាខេត្ត-ក្រុង ចូលរួមទុបស្កាត់ទាំងអស់គ្នា។ សម្រាប់ខេត្តកំពង់ឆ្នាំង ថ្ងៃនេះ លោកសំណូមពរដាច់ខាតដល់មន្ត្រីពេទ្យសត្វទាំង៨ស្រុក-ក្រុង ក្នុងខេត្ត ត្រូវទប់ស្កាត់ការនាំចូល ការទិញសត្វរស់ ឬសាច់សត្វ ពីក្រៅខេត្ត ចូលមកលក់ក្នុងខេត្តដាច់ខាត ទោះក្នុងតម្លៃថោកយ៉ាងណាក៏ដោយ។ វិធានការនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកចូលមកទឹកដីខេត្តកំពង់ឆ្នាំង ស្របពេលដែលមិនទាន់ទទួលរងគ្រោះនៅឡើយ។
ជាមួយគ្នានេះមន្ត្រីពេទ្យសត្វ ត្រូវពង្រឹងលើផ្នែកជីវៈសុវត្ថិភាព លើសត្វ នៅតាមភូមិឃុំដល់កសិករ អ្នកចិញ្ចឹមជ្រូក និងដល់កសិដ្ឋានផងដែរ។ លើសពីនេះ ត្រូវតាមដានជាប្រចាំ ប្រសិនបើមានការកើតជំងឺនៅតំបន់ណា អ្នកទទួលខុសត្រូវនៅតំបន់នោះ ត្រូវរាយការណ៍ជាបន្ទាន់មកខេត្ត ដើម្បីចុះអន្តរាគមន៍ទាន់ពេលវេលា។ សូមចលនាអប់រំប្រជាពលរដ្ឋឱ្យស្គាល់ និងជឿជាក់លើស្តង់ដារការចាក់វ៉ាក់សាំងការពារជំងឺឆ្លងគ្រប់ប្រភេទលើសត្វពាហនៈរបស់ពួកគាត់។ ជាចុងក្រោយសូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ឲ្យបានត្រឹមត្រូវ ព្រោះកន្លងមកយើងបានខិតខំធ្វើគ្រប់ទីកន្លែង ប៉ុន្តែពេលខ្លះ អាជ្ញាធរថា មិនបានដឹង មិនបានឃើញមន្ត្រីពេទ្យសត្វ យើងចុះទៅចាក់ថ្នាំការពារជំងឺសត្វរបស់ពួកគាត់។
សូមបញ្ជាក់ នៅព្រឹកថ្ងៃទី៣០កក្កដានេះ មន្ត្រីពេទ្យសត្វ៨ស្រុក-ក្រុង បានទទួលនូវថ្នាំវ៉ាក់សាំងការពារជំងឺសត្វច្រើនប្រភេទ មានដូចជា សារទឹក បូសខ្យល់ អុតក្តាម និងសម្ភារបរិក្ខារសត្វជាច្រើនទៀត ដើម្បីយកទៅចាក់ថ្នាំការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន៕ធ.ដ
ដោយៈ សុខ គឹមសៀន