កម្ពុជា បានអំពាវនាវឱ្យអន្តរជាតិសហការជិតស្និទ្ធដើម្បីលុបបំបាត់អាវុធគីមីចោលទាំងស្រុង
ភ្នំពេញ៖ កម្ពុជាបានអំពាវនាវឱ្យអន្តរជាតិរួមសហការគ្នាជិតស្និទ្ធទាំងទ្វេភាគី និងពហុភាគី ឈានទៅដល់ការលុបបំបាត់អាវុធគីមីចោលទាំងស្រុង ។
ការអំពាវនាវដូច្នេះ ធ្វើឡើងតាមរយៈការថ្លែងសុន្ទរកថារបស់លោក ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ របស់រដ្ឋភាគីនៃអនុសញ្ញាអាវុធគីមី (C.W.C) ប្រចាំអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងមានអាជ្ញាធរជាតិអាវុធគីមីជាសេនាធិការ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ។

កិច្ចប្រជុំនេះធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ផន ណារ៉ា និងលោកស្រី បេតិ្រច ឡាហ៊ូប (BEATRIX LAHOUPE) ប្រធានផ្នែកគាំទ្រការអនុវត្តនៃអង្គការហាមឃាត់អាវុធគីមី (O.P.C.W) និងមានការចូលរួមពីរដ្ឋជាសមាជិកចំនួន ៣៣ប្រទេស។
ក្នុងពេលបើកកិច្ចប្រជុំ លោក ផន ណារ៉ា បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូនៃអាជ្ញាធរជាតិរបស់រដ្ឋភាគីសមាជិកនៃអនុសញ្ញាគីមី(WCW) ក្នុងតំបន់អាស៊ី ដែលបានចូលរួមកិច្ចប្រជុំនៅកម្ពុជានេះ។ លោកបានសង្កត់ធ្ងន់ថា៖«គ្រប់បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុបបំបាត់អាវុធគីមីឱ្យអស់តាមរយៈកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធទាំងទ្វេភាគី និងពហុភាគី ក្រោមការដឹកនាំ និងសម្របសម្រួលដោយអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា O.P.C.W. »។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរូបនេះ អះអាងថា វត្តមាននៃអាវុធគីមី ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរសម្រាប់សន្តិសុខ និងសុវត្ថិផាព នៅក្នុងតំបន់និងពិភពលោក។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញការទូតសន្តិសុខ គូសបញ្ជាក់ថា អាវុធគីមីជាអាវុធប្រឆាំងនឹងមនុស្សជាតិខណៈកម្ពុជាធ្លាប់បានរងផលប៉ះពាល់ពីអាវុធធុននេះកាលពីសម័យសង្គ្រាមត្រជាក់រួចរាល់ទៅហើយ។
លោកថុង ម៉េងដាវិត សង្កត់ធ្ងន់ថា៖«កម្ពុជាតែងតែប្រកាសគាំទ្រនូវយន្តការលុបបំបាត់អាវុធខុសច្បាប់មួយចំនួនដូចជាគ្រាប់បែកចង្កោមនិងអាវុធគីមីជាដើម។ កម្ពុជានឹងនៅតែបន្តគាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិសន្តិសុខនិងយោធាជាមួយនឹងអាស៊ានក៏ដូចជាដៃគូអាស៊ានដទៃទៀតដើម្បីលើកកម្ពស់ដល់ការប្រើប្រាស់វិធានដោះស្រាយបញ្ហាដោយសន្តិភាពនិងស្មារតីពហុភាគីនិយម និងលុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់ប្រឆាំងនឹងមនុស្សជាតិ»។ លោកបន្ថែមថា អាស៊ានក៏មានផងដែរនូវគោលនយោបាយស្នូលលើការកសាងសហគមន៍សន្តិភាព ស្ថិរភាព និងវិបុលភាព ប្រឆាំងដាច់ខាតរាល់ការប្រើប្រាស់អាវុធប្រឆាំងមនុស្សជាតិ ដែលស្របទៅនឹងទិសដៅរបស់អង្គការសហប្រជាជាតិ។
លោកយល់ថា យន្តការសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍( TAC) របស់អាស៊ានអាចជាផ្លូវសម្រាបឱ្យរដ្ឋជាសមាជិកនិងដៃគូសន្ទនានានារបស់អាស៊ាន ពិចារណាចូលរួមថែរក្សា និងដោះស្រាយសន្តិភាពក្នុងតំបន់ ដែលអាចឆ្ពោះទៅរកការលុបបំបាត់ការប្រើប្រាស់អាវុធគីមីទាំងស្រុងនេះជាដើម។ ចំណែកកម្ពុជាវិញតែងប្រកាន់ខ្ជាប់ឥរិយាបថនយោបាយលុបបំបាត់អាវុធទាំងនេះ សំដៅសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរបស់សាកលលោក៕

ដោយ៖ សំបាន ច័ន្ទដារ៉ា